ខេត្តពោធិ៍សាត់ ៖ ជាការកត់សម្គាល់ថ្មីៗនេះ ត្រូវបានគេមើលឃើញថា បទល្មើសនេសាទប្រភេទរបាំងអួនក្រឡាញឹក និងអូសអួនក្រឡាញឹក ហៅថាបរាប់ពាន់ខ្សែ កំពុងរើបឡើងវិញ នៅក្នុងស្រុកចំនួន២គឺស្រុកក្រគរ និងស្រុកកណ្ដៀង ដែលកំពុងធ្វើឲ្យធនធានមច្ឆជាតិប្រឈមនឹងការវិនាសហិនហោច ខណៈសមត្ថកិច្ច ជំនាញហាក់កំពុងទន់ដៃជើង មានចេតនាមិនបង្ក្រាបក្នុងដែនសមត្ថកិច្ចគ្រប់គ្រង ។
ប្រជាពលរដ្ឋបានលើកឡើងថា លោក ស្វាយ សំអាត ដែលមានលោក ភុំ វិមល ជាខ្នងបង្អែកនោះ ហាក់កំពុងមោទនភាពជាខ្លាំងក្នុងការប្រើជំនាញរបស់ខ្លួន ឃុបឃិតជាមួយ ឈ្មួញ ដោយផ្តល់ឱកាសឲ្យក្រុមទាំងនេះនៅបន្តប្រព្រឹត្តបទល្មើសនេសាទ ដើម្បីស្រូបយក ប្រយោជន៍ប្រមូលលុយរាប់ម៉ឺនដុល្លារក្នុងមួយខែៗ ពីបទល្មើសនេសាទប្រើឧបករណ៍ខុស ច្បាប់ ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា បើមិនបានបង់លុយតាមការកំណត់ជូន លោក ស្វាយ សំអាតទេ ច្បាស់ជៀសមិនផុតពីការបង្ក្រាបឡើយ ។ ដូច្នេះ លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល បើទោះបីលោកមិនជាប់ពាក់ព័ន្ធទទួលផលប្រយោជន៍ ឬទទួល បានពីផលប្រយោជន៍ទាំងនេះ ក៏គួរចាត់វិធានការទប់ស្កាត់បទល្មើសនេសាទនៅក្នុងស្រុកក្រគរ និងស្រុកកណ្ដៀងខ្លះផង ក្នុងនាមលោកជាថ្នាក់ដឹកនាំ និងក្នុងដែនសមត្ថ កិច្ចគ្រប់ គ្រងរបស់លោក ។
ប្រជាពលរដ្ឋបន្តថា លោក ភុំ វិមល ជានាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ពេលខ្លះគាត់ហ៊ានទាំងបំពានច្បាប់ ដោយគ្មានភាពអៀនខ្មាសទៀតផង ក្នុងនាមលោកជាមន្ត្រី អនុវត្តច្បាប់ តែបែរអនុវត្តផ្ទុយពីច្បាប់ ឃុបឃិតជាមួយក្រុមឈ្មួញប្រព្រឹត្តបទល្មើស នេសាទល្មើសច្បាប់ទៅវិញ ខណៈលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ហាក់កំពុងរក្សាភាពស្ងៀមស្ងាត់ ពោលទុកបណ្តោយឲ្យបទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប ក្នុងស្រុកកណ្ដៀង ស្រុកក្រគរ និងស្រុកបាកាន បង្កើនបទល្មើសកើតឡើងយ៉ាងពេញបន្ទុកទៅវិញ ។
ប្រភពព័ត៌មានពីប្រជានេសាទនៅស្រុកកណ្ដៀងបានឲ្យដឹងថា បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ប្រភេទណរ៉ាវ និងប កំពុងរាលដាលយ៉ាងអនាធិបតេយ្យក្នុងផ្ទៃបឹងទន្លេសាប គឺមានរាប់ពាន់ខ្សែ មិនឃើញមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះទេ ។ ចំណែកលោក ស្វាយ សំអាត នាយផ្នែកស្ដីទីនៃផ្នែករដ្ឋបាលជលផលក្រគរ ត្រូវបានប្រជានេសាទជាលក្ខណៈគ្រួសាររិះគន់ថា គឺជាអ្នកឃុបឃិតបើកដៃឲ្យជនល្មើសដែលជាជនជាតិខ្មែរនិងជនជាតិវៀតណាម ជាច្រើននាក់ប្រើ ប្រាស់ឧបករណ៍ខុសច្បាប់ចាប់ត្រី ។
ប្រភពពីមន្ត្រីរដ្ឋបាលជលផលតូចតាចក្នុងខេត្តកំពង់ឆ្នាំងមួយចំនួនបានលួចបង្ហើបប្រាប់ ថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ទេនោះគឺលោក ស្វាយ សំអាត និងមន្ត្រីរដ្ឋបាលជលផលដទៃទៀតមិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តឡើយ ៕ ជាយក្រុង