បើរងការវាយប្រហារដោយកាំជ្រួចមីស៊ីលបរមាណូ ទីក្រុងវ៉ាស៊ីនតោនអាមេរិកក៏គ្មានអ្នកណានៅរស់ដែរ

ចែករំលែក៖

តាមលទ្ធផលស្រាវជ្រាវមួយដែលបានផ្សព្វផ្សាយ នៅលើទស្សនាវដ្តី National Interest អាមេរិកបានឲ្យដឹងថា បើរងការវាយប្រហារដោយមីស៊ីលបរមាណូនោះ ទីក្រុងវ៉ាស៊ីនតោន នឹងមិនមានអ្នកណាម្នាក់នៅរស់ឡើយ។

ចំណុចដែលចាប់អារម្មណ៍បំផុតនោះ ការផ្សាយរបស់ទស្សនាវដ្តីខាងលើកើតឡើងក្រោយពេលដែលកូរ៉េខាងជើង បានសាកល្បងមីស៊ីល ដែលមានសមត្ថភាពបំផុត អាចវាយប្រហារនៅគ្រប់ទិសទី ក្នុងទឹកដីអាមេរិក។

ក្រុមអ្នកវិភាគបានវាយតម្លៃថា លទ្ធផលនៃការវាយប្រហារដោយបរមាណូទៅលើទីក្រុងវ៉ាស៊ីនតោន គឺជាសោកនាដកម្មទ្រង់ទ្រាយធំបំផុត ។ ក្រុមអ្នកឯកទេសផលិតកាំជ្រួចមីស៊ីលរបស់អាមេរិកបានបញ្ជាក់ថា មិនត្រូវវាយតម្លៃទាបអំពីសមត្ថភាពយោធារបស់កូរ៉េខាងជើង នោះឡើយ មីស៊ីលកូរ៉េខាងជើង អាចទម្លុះរនាំងការពាររបស់អាមេរិកបាន។

អ្នកឯកទេសស្រាវជ្រាវបានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង មានមីស៊ីលអាចបាញ់ដល់គ្រប់ទិសទីនៅក្នុងទឹកដីអាមេរិក ។ ក្រុមអ្នកឯកទេសបញ្ជាក់ថា តាមការវាយតម្លៃ បើកាំជ្រួចមីស៊ីលកូរ៉េខាងជើងផ្ទុះនៅលើអាកាសកណ្តាលទីក្រុងអាមេរិកនោះ នឹងសម្លាប់មនុស្សយ៉ាងតិច៤១៣ពាន់នាក់ និង៥២៧ពាន់នាក់រងរបួស។

ទស្សនាវដ្តី National Interest បានបញ្ជាក់ថា សេតវិមាន វិមានរដ្ឋសភា ព្រឹទ្ធសភា( Capitol) និង អគារសំខាន់ៗជាច្រើនទៀតរបស់អាមេរិក នឹងរងការបំផ្លាញដោយសារតែអាវុធបរមាណូ របស់កូរ៉េខាងជើង។

ក្នុងករណី រងការវាយប្រហារដោយបរមាណូ ពលរដ្ឋនៅក្នុងទីក្រុងអាមេរិក មិនមានឱកាសដើម្បីរស់រាន្តនោះឡើយ។

បច្ចុប្បន្ន កូរ៉េខាងជើងមានកាំជ្រួចមីស៊ីលដែលមានសមត្ថភាពខ្ពស់ តែប្រទេសនេះនៅតែបន្តកម្មវិធីមីស៊ីលរបស់ខ្លួន បើទោះបីរងការដាក់សម្ពាធពីសហគមន៍អន្តរជាតិក្តី។

កូរ៉េខាងត្បូងបានបញ្ជាក់ថា ការធ្វើតេស្តមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង បានធ្វើឲ្យសហរដ្ឋអាមេរិក ស្ថិតនៅក្នុងរង្វង់វាយប្រហាររបស់វា ប៉ុន្តែវានៅតែចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើង នូវបច្ចេកវិទ្យាមីស៊ីលសំខាន់ៗ ដូចជាការនាំផ្លូវ ដំណាក់បឋម និងការ ដំណើរការក្បាលគ្រាប់ជាដើម។

យោងតាមកាសែតរ៉យទើ កូរ៉េខាងត្បូង ក៏បាននិយាយដែរថា ខ្លួនរំពឹងថា ទីក្រុងព្យុងយ៉ាង នាពេលបច្ចុប្បន្ននេះ នឹងផ្អាកកម្មវិធីតេស្តមីស៊ីលបង្កហេតុ បន្ទាប់ពីតេស្តជោគជ័យ នូវមីស៊ីលផ្លោងឆ្លងទ្វីប Hwasong-15 ថ្មី ដែលមានសមត្ថភាពអាចហោះ វាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ក្រសួងការពារជាតិរ៉េខាងត្បូង បាននិយាយថា មីស៊ីល Hwasong-15 គឺជាមីស៊ីលផ្លោងឆ្លងទ្វីបប្រភេទថ្មី ដែលអាចហោះហើរវាយប្រហារ លើសចម្ងាយ១.៣០០គីឡូម៉ែត្រ និងធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន ស្ថិតនៅក្នុងរយៈចម្ងាយវាយប្រហាររបស់វា៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print