រុស្ស៊ីនឹងធ្វើអ្វី បើស៊ីរីត្រូវការប្រាក់ជាងត្រូវការកាំភ្លើង?

ចែករំលែក៖

នៅពេលនេះសំឡេងផ្ទុះអាវុធនៅលើទឹកដីស៊ីរី បានស្ងប់ស្ងាត់បន្តិចម្តងៗ ក្រោយសង្គ្រាមស៊ីវិលអូសបន្លាយជាង៦ឆ្នាំកន្លងមក។ នៅពេលនេះស៊ីរីបានគិតគូរដល់សន្តិភាព ស្ថិរភាពប្រទេសជាតិ មិនត្រូវការកាំភ្លើងទៀតឡើយ គឺត្រូវការតែប្រាក់ប៉ុណ្ណោះ ដើម្បីកសាងប្រទេសជាតិ។

តើប្រទេសណាដែលមានប្រាក់ច្រើន អាចជួយដល់ស៊ីរីក្នុងការអភិវឌ្ឍ? អាមេរិក ឬរុស្ស៊ី? អ្នកឯកទេសវិភាគបានលើកឡើងថា ប្រទេសទាំង២ខាងលើ បើខ្វះអាវុធធ្វើសង្គ្រាមអាចជួយបាន តែបើខ្វះប្រាក់នោះ ពិបាកក្នុងការជួយ ដោយរុស្ស៊ី ក៏កំពុងប្រឈមមុខនឹងការឡោមព័ទ្ធសេដ្ឋកិច្ច ដោយអាមេរិក និងលោកខាងលិចផងដែរ។

ដូច្នេះមានតែប្រទេសមួយគត់ គឺចិន ទើបអាចជួយដល់ស៊ីរី ក្នុងការអភិវឌ្ឍបានក្រោយសង្គ្រាម។ កន្លងមក ចិនបានបង្ហាញពីឥទ្ធិពលរបស់ខ្លួនឲ្យពិភពលោកបានឃើញថា បច្ចុប្បន្នគ្មានប្រទេសណាមួយលើពិភពលោក ចំណាយប្រាក់ផ្តល់ជំនួយច្រើនដូចចិននោះឡើយ តាមរយៈការផ្តល់ជំនួយរាប់ពាន់លានដុល្លារ ដល់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត ហើយជំនួយនោះ គឺជាជំនួយឥតសំណងទៅទៀត។

នៅពេលនេះ សង្គ្រាមនៅក្នុងស៊ីរីបានថយកម្តៅឆ្ពោះទៅរកសន្តិភាព ទាំងនោះហើយ បានជាមនុស្សជាច្រើនបានដាក់សំណួរសួរ ពីតួនាទីរបស់រុស្ស៊ីនៅក្នុងការអភិវឌ្ឍប្រទេសស៊ីរី។

នៅក្នុងអត្ថបទរបស់សាស្ត្រាចារ្យ Leonid Issaev មកពីសាកលវិទ្យាល័យសេដ្ឋកិច្ចស្រាវជ្រាវរបស់រុស្ស៊ីបានបញ្ជាក់ថា នៅពេលដ៏ខ្លីខាងមុខ ស៊ីរីមិនត្រូវការកាំភ្លើងទៀតឡើយ គឺត្រូវការតែប្រាក់។ ទាំងនោះ គឺជាឧបសគ្គសម្រាប់រុស្ស៊ី ដែលបានចំណាយគ្រាប់រំសេវជាច្រើននៅក្នុងសង្គ្រាមស៊ីរី។

នៅក្នុងដំណើរទស្សនកិច្ចមិនព្រាងទុក ទៅកាន់ទីក្រុងស៊ូជី ប្រធានាធិបតីស៊ីរីលោក អាល់ អាសាដ បានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ី ដែលបានជួយបញ្ជូនកងទ័ព អាវុធ ជួយដល់កម្លាំងទាហានរដ្ឋាភិបាលយកឈ្នះលើក្រុមភេរវកម្ម។

ចិនគឺជាប្រទេសត្រូវការថាមពលប្រេងជាចាំបាច់ ចំណែកស៊ីរី ជាប្រទេសសម្បូរប្រេង ទាំងនោះហើយ ជាចំណុចល្អសម្រាប់ចិនវាយលុកនៅក្នុងប្រទេសស៊ីរីដែលកំពុងតែត្រូវការ ប្រាក់។

កន្លងមកថ្មីៗនេះ អគ្គរដ្ឋទូតស៊ីរីប្រចាំនៅប្រទេសចិនបានបញ្ជាក់ថា ស៊ីរីកំពុងត្រូវការអ្នកវិនិយោគមកពីប្រទេសចិនតាមរយៈយកប្រាក់ដូរប្រេង។

តាមការវាយតម្លៃរបស់ធនាគារពិភពលោក ស៊ីរីត្រូវការប្រាក់ប្រមាណ២០០ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍប្រទេសជាតិ។ ចិនបានបង្ហាញពីគោលបំណងចង់ចូលអភិវឌ្ឍនៅក្នុងប្រទេសស៊ីរី បើទោះបីដឹងថា រដ្ឋាភិបាលស៊ីរីកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មពីអាមេរិក និងអឺរ៉ុប។

ខុសពីមហាអំណាចអាមេរិក និងរុស្ស៊ី ទីក្រុងប៉េកាំងមិនបានបញ្ជូនទាហានទៅចូលរួមនៅក្នុងសង្គ្រាមនោះឡើយ ហើយក៏បានផ្តល់អាទិភាពការបរទេសទៅឲ្យប្រទេសជាក្រុមប្រឹក្សាសន្តិសុខផ្សេងទៀតជាអ្នកដោះស្រាយ។ ប៉ុន្តែនៅទីបញ្ចប់ ពិសេសក្រោយពេលស្ងប់ស្នូរកាំភ្លើង ប្រទេសទាំងនោះ មិនអាចជួយដល់ស៊ីរីបានឡើយ ពិសេសគឺសម្ពន្ធមិត្តរុស្ស៊ី ដែលតែងតែជួយដល់ស៊ីរីក្នុងការវាយប្រហារទៅលើក្រុមភេរវកម្ម ហើយមានតែចិនប៉ុណ្ណោះ ដែលមានលទ្ធភាព៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print