អាមេរិកត្រៀមជម្លៀសពលរដ្ឋ សាច់ញាតិទាហានចេញពីកូរ៉េខាងត្បូង «យើងមិនមានពេលច្រើនទៀតឡើយ»

ចែករំលែក៖

សកម្មភាពរបស់អាមេរិក ដែលបានឡើងគម្រោងជម្លៀស សាច់ញាតិទាហាន និងពលរដ្ឋរបស់ខ្លួនចេញពីកូរ៉េខាងត្បូងបានបង្កក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាម អាចផ្ទុះឡើង ។ ការជម្លៀសនាពេលនេះកើតឡើងក្រោយកូរ៉េខាងជើង បានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបដោយជោគជ័យ។

សារព័ត៌មានរ៉យទ័របានដកស្រង់ការប្រកាសរបស់សមាជិកព្រឹទ្ធភាអាមេរិក លោក Lindsey Graham បានបញ្ជាក់ថា ស្ថានភាពនៅឧនទ្វីបកូរ៉េនាពេលនេះ ពិបាកស្មាន ហើយមន្ទីរបញ្ចកោណបានឡើងគម្រោង ជម្លៀសសាច់ញាតិទាហាន អាមេរិកចេញពីតំបន់ក្តៅមួយនេះ។

លោក Lindsey Graham បានបញ្ជាក់ថា អាមេរិកបានចាប់ផ្តើមជម្លៀសពលរដ្ឋ ប្រពន្ធកូនទាហាន ដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង មកកាន់ប្រទេសវិញ ដើម្បីវុត្ថិភាព ដោយសារតែ ស្ថានភាពនៅឧបទ្វីបកូរ៉េកំពុងឈានទៅរកសង្គ្រាមនៅពេលឆាប់ៗខាងមុខ។

តំណាងរាស្ត្រខាងលើបានបញ្ជាក់ទៀតថា «វាពិតជារឿងល្ងង់ខ្លី ដែលទុកឲ្យប្រពន្ធកូនទាហាន អាមេរិកបន្តនៅកូរ៉េខាងត្បូង ក្នុងពេលដែលកូរ៉េខាងជើងកំពុងតែឌឺដង»។ វត្តមានរបស់ប្រពន្ធកូនទាហានអាមេរិកនៅកូរ៉េខាងត្បូង នឹងធ្វើឲ្យទាហានបាត់បង់ការប្រមូលអារម្មណ៍សម្រាប់សង្គ្រាម ហើយការជម្លៀសចេញនោះ នឹងជួយដល់ស្មារតីប្រយុទ្ធមិនខ្លាចរបស់ទាហាន។ លោក Lindsey Graham បញ្ជាក់ទៀតថា «យើងកំពុងតែខិតជិតដល់សង្គ្រាមបន្តិចៗ ជាមួយកូរ៉េខាងជើង ដោយសារតែកូរ៉េខាងជើងនៅតែបន្តកម្មវិធីផលិតកាំជ្រួចមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ អាចវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។ យើងមិនមានពេលច្រើនទៀតឡើយ» ។

ក្នុងពេលដែលអាមេរិក ឡើងគម្រោងជម្លៀសពលរដ្ឋ និងសាចញាតិទាហាន ដើម្បីត្រៀមលក្ខណៈតបតវិញឲ្យបានទាន់ពេល បើកូរ៉េខាងជើងបាញ់ប្រហារដោយមីស៊ីល ។ នៅពេលនេះដែរ អាមេរិកបានឲ្យដំណើរការប្រព័ន្ធប្រកាសអាសន្ន បន្ទាន់ពីការបាញ់មីស៊ីល នៅលើកោះហាវៃ ដែលបានដាក់នៅទីនោះតាំងពីសង្គ្រាមត្រជាក់។

NKD-36x6_outline

ប្រធានស្ថាប័នគ្រប់គ្រងគ្រោះអាសន្នកោះហាវៃ លោក Vern Miyagi បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា សកម្មភាពដំណើរការប្រព័ន្ធអាសន្ន គឺពាក់ព័ន្ធនឹងការគំរាមកំហែង វាយប្រហារពីកូរ៉េខាងជើងទៅលើទឹកដីអាមេរិក។ ក្រៅពីនេះ ក៏បានស្នើដល់ពលរដ្ឋនៅលើកោះហាវៃ មានស្មារតីប្រុងប្រយ័ត្ន គឺត្រូវស្វែងរកកន្លែងលាក់ខ្លួន រក្សាទុកស្បៀងអាហារទឹកផឹក សម្រាប់រយៈពេលប៉ុន្មានថ្ងៃ មានសង្គ្រាមកើតឡើង។

ក្រុមអ្នកឯកទេសបានបញ្ជាក់ថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង នឹងទៅដល់កោះហាវៃក្នុងរយៈពេលតែ២០នាទីប៉ុណ្ណោះ។ ដូច្នេះសកម្មភាពសម្រាប់ ជួយដល់ពលរដ្ឋលើកោះនេះជិត១,៥លាននាក់ត្រូវប្រើពេលតែ១៥នាទីប៉ុណ្ណោះ ។

សកម្មភាពខាងលើរបស់អាមេរិក ត្រូវបានអ្នកឯកទេសបញ្ជាក់ថា អាមេរិកមានការបារម្ភចំពោះសកម្ម ភាពរបស់កូរ៉េខាងជើង ដែលមានសមត្ថភាពនៅក្នុងកម្មវិធីអាវុធ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក H R McMaster បានបញ្ជាក់ថា ស្ថានភាព ពិតជាប្រែប្រួលពិបាកស្មាន ហើយប្រធានាធិបតី ត្រាំ អាចដោះស្រាយភាពតានតឹង ក្នុងកម្មវិធីបរមាណូកូរ៉េខាងជើង ដោយអាចធ្វើសកម្មភាពជាឯកតោភាគីនៅពេលចាំបាច់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print