ខេត្តកណ្តាល ៖ ចោរលួចម្នាក់ ក្នុងចំណោមពីរនាក់ ក្រោយធ្វើសកម្មភាពលួចទូរស័ព្ទមិនបានសម្រចត្រូវបានប្រជាពល រដ្ឋជួយដេញចាប់ប្រគល់អោយសមត្ថកិច្ចចាត់ការតាមច្បាប់ ។
ការឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង១១ និង៤០នាទី
ថ្ងៃអង្គារ ៩ រោច ខែ មិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិតាកែវ២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនសង្ស័យទាំង២នាក់ ១.ឈ្មោះ ទៃ ជៀន ភេទ ប្រុស អាយុ ២៣ ឆ្នាំជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន និង២.ឈ្មោះ ធួក ប៉ៃថាំង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កំពុងរត់គេចខ្លួន ។ វត្តុតាងចាប់យកទូរស័ព្ទ២គ្រឿង ដែលជាកម្មសិទ្ធិឈ្មោះ លឹម អៀងហេង ភេទ ប្រុស អាយុ ៤៩ ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ។
ប្រភពព័ត៌មានបានអោយដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបានយកទូរស័ព្ទទៅសាកថ្មនៅរោងលក់បាយ មុខផ្ទះ ដោយអោយកូនប្រុស អាយុ ១៣ ឆ្នាំ អង្គុយមើលក្នុងរោងលក់បាយ ពេលនោះជនសង្ស័យឈ្មោះ ធួក ប៉ៃថាំង ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ឌុបជនសង្ស័យឈ្មោះ ទៃ ជៀន ចេញពីទិសខាងត្បូងសំដៅមកផ្ទះកើតហេតុ ពេលទៅដល់ឈ្មោះ ទៃ ជៀន បានចុះពីលើម៉ូតូធ្វើជាដើរទៅសុំបារីជនរងគ្រោះ ឯឈ្មោះ ធួក ប៉ៃថាំង បានចូលទៅលួចទូរស័ព្ទដែលកំពុងសាកថ្ម ពេលនោះកូនរបស់ជនរងគ្រោះឃើញក៏ស្រែកឆោឡោថាចោរៗ ហើយជិះម៉ូតូដេញតាមចាប់បានឈ្មោះ ទៃ ជៀន ចំណែកឈ្មោះ ធួក ប៉ៃថាំង ជិះម៉ូតូចូលផ្ទះ យកទូរស័ព្ទទាំង០២គ្រឿងដែល លួចបានទៅឲ្យម្តាយរបស់ខ្លួន ហើយជិះម៉ូតូគេចខ្លួនបាត់។
ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌បានចុះអន្តរាគមន៍ នឹងចាប់យកទូរស័ព្ទពីឈ្មោះ អ៊ុន មឿន ជាម្តាយជនសង្ស័យឈ្មោះ ធួក ប៉ៃថាំង ចំនួន០២គ្រឿង ព្រមទាំងបញ្ជូនជនសង្ស័យឈ្មោះ ទៃ ជៀន មកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលបន្តចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ