ខេត្តកណ្តាល ៖ ស្ត្រីរងគ្រោះដោយអំពើលួចម្នាក់បាន អះអាងថា ខ្លួនបានបាត់បង់ទ្រព្យសម្បត្តិរួមមាន ខ្សៃដៃផ្លាកទិនទម្ងន់៣,៥ជី ចិញ្ជៀនផ្លាកទិនទម្ងន់១,៥ជី ប្រាក់រៀលចំនួន១៤០០រៀល បន្ទាប់ពីមានជនសង្ស័យធ្វើសកម្មភាពកាត់ ជញ្ជាំងស័ង្គសីចូលលួច ។
ជនសង្ស័យត្រូវបានចាប់ខ្លួន នៅចំណុចផ្ទះជនរងគ្រោះ
ឈ្មោះ ប៊ុន ផល្លី ស្ថិតនៅក្នុងភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃអង្គារ ៩ រោច មិគសិរ ឆ្នាំ រកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៧ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ កែន ស្រ៊ាង ហៅសឿ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ប៊ុន ផល្លី ភេទ ស្រីអាយុ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចបានបន្តថា ស្ត្រីជាម្ចាស់ផ្ទះដែលរងនូវអំពើលួច បានអះអាងថា បានបាត់បង់ទ្រព្យសម្បត្តិមួយចំនួនដូចជា ខ្សែដៃផ្លាកទីនទម្ងន់៣,៥ជី ចិញ្ជៀនផ្លាកទិនទម្ងន់១,៥ជី ប្រាក់រៀលចំនួន១៤០០រៀល ។
សាក្សីបាននិយាយអោយដឹងថា នៅវេលាម៉ោងកើតហេតុ ខាងលើ ជនសង្ស័យឈ្មោះ កែន ស្រ៊ាង បានធ្វើសកម្មភាពយកកន្ត្រៃកាត់ដែកកាត់ ជញ្ជាំងស័ង្កសីចូលផ្ទះរបស់ឈ្មោះ ប៊ុន ផល្លី ដែលម្ចាស់មិននៅផ្ទះ។ បន្ទាប់ពីធ្វើសកម្មភាពរួច រៀបចេញពីផ្ទះ ស្រាប់តែកូនស្ត្រីរងគ្រោះឃើញ ក៏បានរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ក្រាំងយ៉ូវ ជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកប៉ុស្ដិ៍ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើលួចបានប្រាក់ចំនួន១៤០០រៀល(មួយពាន់បួនរយរៀល)មែន ។ ជនសង្ស័យបានសារភាពបន្ថែមទៀតថា កាលពីអំឡុងឆ្នាំ២០១៦ ខ្លួនបានចូលលួចលុយនៅផ្ទះជនរងគ្រោះខាងលើ បានចំនួន៣០០.០០០រៀល(បីសែនរៀល)យកទៅចាយ និងប្រើប្រាស់គ្រឿងញៀន ។
បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្តតាមនីតិវិធី ៕ ស្អាងជ័យ