ភ្នំពេញ ៖ បុរស២នាក់ មានមុខរបររត់ម៉ូតូឌុបដូចគ្នា ផឹកស៊ីជាមួយគ្នាស្រវឹងរៀងៗខ្លួន ឈានដល់ការវាយតប់គ្នារហូតដល់បែកក្បាល ឯអ្នករងរបួសត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ និងអ្នកបង្ក ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចាប់វ៉ៃខ្នោះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១០រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៧ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពពត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបនិងម្នាក់ទៀតជាអ្នរត់ម៉ូតូកង់បីបានផឹកស៊ីជាមួយគ្នាហើយស្រវឹងស្រាទាំង២នាក់ ស្រាប់តែបុរសដែលជាអ្នករត់ម៉ូតូឌុបបានសុំលា ទៅផ្ទះមុន ដោយប្រាប់ថារូបខ្លួនស្រវឹង ស្រាប់តែដៃគូផឹកស៊ីយកច្រវ៉ាក់សោរមក វាយបុរសដែលជាអ្នករត់ម៉ូតូឌុបបែកក្បាលហូរឈាម បណ្ដោលអោយអ្នករងរបួសចូលពេទ្យ និងអ្នកទៀតត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ។
ក្រោយពេលកើតហេតុជនសង្ស័យរួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ ស រស្មី