រថយន្ដបុកម៉ូតូរបួសធ្ងន់២នាក់ និងម៉ូតូ២គ្រឿងខូចខាតធ្ងន់​ លើកំណាត់ផ្លូវជាតិលេខ២១

ចែករំលែក៖

ខេត្តកណ្ដាល ៖  រថយន្ដមួយគ្រឿងបើកបោះពួយលឿនដូចហោះបានបុកម៉ូតូនៅខាងមុខបើកស្របទិសគ្នា រួចរេចង្កូតបន្ដទៅបុកម៉ូតូមួយគ្រឿងទៀ បណ្ដាលជនរងគ្រោះជាអ្នកជិះម៉ូតូទាំង២គ្រឿងរងរបួសធ្ងន់និងម៉ូតូ២គ្រឿងទទួលរងការខូចធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៩និង០៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា រថយន្ដបង្កមិនស្គាល់ម៉ាកបើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ បើករថយន្ដរត់គេចខ្លួនក្រោយមានហេតុការណ៍កើតឡើង ។ ចំណែកជនរងគ្រោះរងរបួសធ្ងន់មាន២នាក់ ទី១-ឈ្មោះ ឡេង ប្រុស ភេទប្រុស អាយុ២៦ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CQ-8207 និងទី២-ឈ្មោះ ស្រី សឿន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកស៊ូមមឺ ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GG-6109 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដបង្កបើកលើកំណាត់ផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែរថយន្ដបង្កបើកទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូម៉ាកហុងដាដួលបោកទៅនិងផ្លូវទទួលរងរបួសធ្ងន់ ភ្លាមនោះផងដែរ អ្នកបើកបររថយន្ដបង្កបានរេចង្កូតជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកស៊ូមមឺ ធ្វើឲ្យអ្នកជិះម៉ូតូស៊ូមមឺទទួលរងរបួសធ្ងន់ម្នាក់ទៀតផងដែរ រីឯអ្នកបើកបររថយន្ដបានបើករថយន្ដគេចខ្លួនបាត់ស្រមោលក្រោយមានហេតុការណ៍កើតឡើង ។

ប្រភពដដែលបានបន្ដទៀតថា ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់កើតឡើង កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្អាងបានចុះអន្ដរាគមន៍យកជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងកសាងឯកសាងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះរថយន្ដបង្កដែលបើករថយន្ដគេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតដើម្បីចាត់ការបន្ដ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print