ភ្នំពេញ ៖ តុលាការកំពូល សម្រេចថា នឹងមិនលើកយកមកជំនុំជម្រះសាជាថ្មីទេ ក្នុងសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ ដែលជាសាលដីកាបិទផ្លូវតវ៉ា ។
ដីកាសម្រេចរបស់តុលាការកំពូល ទើបផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែធ្នូ លើកយកសំអាងហេតុចំនួន៤ចំណុច ក្នុងការសម្រេចមិនលើកយកសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ មកជំនុំជម្រះសាជាថ្មី ជាអាទិ៍ កាលដែលសហដើមចោទនៃបណ្តឹងទាមទារឱ្យជំនុំជម្រះសាជាថ្មី លើកឡើងថា “នៅក្នុងក្រមនីតិវិធី គ្មានមាត្រាណាមួយហាមមិនឱ្យខ្លួនប្តឹងទាមទារឱ្យតុលាការជំនុំជម្រះសាជាថ្មី ដើម្បីការពារសិទ្ធិ ការពារកិត្តិយស និង ផលប្រយោជន៍ របស់ខ្លួននោះទេ ជាអាទិ៍មាត្រា៣០៧ និង មាត្រា៣១៨ នៃក្រមនីតិវិធីរដ្ឋប្បវេណី” នោះ គឺ ជាការមិនត្រឹមត្រូវទេ ពីព្រោះថាតាមមាត្រា៤៥ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ សាលដីកាលេខ៣៤០(ឆ)ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលនេះ មិនត្រូវបានអនុញ្ញាតឱ្យមានការបើកការជំនុំជម្រះសាជាថ្មី ទេ គឺ សាលដីកាដែលបិទផ្លូវតវ៉ា ។
យោងតាមសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និង ផ្អាកសកម្មភាពនយោបាយរបស់បុគ្គលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប គឺ ជាការសម្រេចបិទផ្លូវតវ៉ា ។
ក្រសួងមហាផ្ទៃ ក៏សម្រេចលុបឈ្មោះគណបក្សសង្គ្រោះជាតិ ចេញពីបញ្ជីគណបក្សនយោបាយ ហើយផ្លាកគណបក្សសង្គ្រោះជាតិទាំងអស់ រួចរាល់ហើយដែរ ។
កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ លោកមេធាវី ផែង ហេង អមដំណើរដោយលោកអ៊ូ ច័ន្ទរ័ត្ន និង លោក កង គឹមហាក់ បានដាក់ពាក្យបណ្តឹងសុំឱ្យតុលាការកំពូលជំនុំជម្រះសាជាថ្មីលើសំណុំរឿងការរំលាយគណបក្សសង្គ្រោះជាតិ និងសុំរក្សាការពារសមាជិកភាពអតីតតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក-ក្រុង ខេត្ត-រាជធានីរបស់អតីតបក្សនេះ។
លោកមេធាវី ផែង ហេង និយាយថា រឿងក្តីរំលាយគណបក្សសង្គ្រោះជាតិ គឺជានីតិវិធីថ្មីរបស់តុលាការកំពូល ហើយតុលាការនេះបានប្រើប្រាស់ក្រមនីតិវិធីរដ្ឋប្បវេណីដើម្បីដំណើរការរឿងក្តីនេះ។ ដូច្នេះបើតាមលោកមេធាវី គឺលទ្ធភាពនៃការសើរើសំណុំរឿងនេះឡើងវិញនៅតែមាន៕ចេស្តា