រតនគិរី៖ មានឈ្មួញកំពុងធ្វើសកម្មភាព ឈូសឆាយដីជម្រកសត្វព្រៃនៅស្រុកលំផាត់រាប់រយហិកតាយកធ្វើជាកម្មសិទ្ធិដោយមិនស្របច្បាប់ ហើយអាជ្ញាធរមូលដ្ឋានថាបានដឹង។ ដីព្រៃខាងលើនេះស្ថិតនៅភូមិសមុទ្រលើឃុំសេដា ស្រុកលំផាត់ ជាប់ព្រំប្រទល់ជាមួយស្រុកបរកែវ។
ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីខែតុលាឆ្នាំ២០១៧មានអ្នកនៅខេត្ដរតនគិរីម្នាក់បានដាក់គ្រឿងចក្រចំនួនពីគ្រឿងឲ្យ ចូលទៅឈូសឆាយប្ដួលដើមឈើតូចធំនៅចំណុចទីតាំងខាងលើគឺឈូសវាទយកដីដែនជម្រកសត្វព្រៃលំផាត់ដែលជារបស់រដ្ឋធ្វើជាកម្មសិទ្ធដោយសំអាងថាបានទិញពីប្រជាពលរដ្ឋនិងមានភូមិឃុំទទួលស្គាល់ ។
ប្រភពដដែរ បានបន្តទៀតថា នៅពេលកម្មករបើកការឈូសឆាយដីព្រៃនោះក្នុងទ្រង់ទ្រាយធំក៏មានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានចុះទៅសួរនាំដែរក៏ប៉ុន្ដែសង្ស័យមិនបានអនុវត្ដតាមច្បាប់ទើបគ្រឿងចក្រនោះបានបន្ដឈូសរហូតបានផ្ទៃដីរាប់រយហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ កាលពីព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៧ បានប្រាប់ក្រុមអ្នកសារព័ត៌មានប្រចាំខេត្តរតនគីរី តាមទូរស័ព្ទឲ្យដឹងថា ការដាក់គ្រឿងចក្រឈូសដីព្រៃដែលមានទីតាំងដូចខាងលើយើងមិនបានដឹងឡើយ ម្យ៉ាងទៀតដីនោះស្ថិននៅក្នុងភូមិសាស្រ្ដស្រុកលំផាត់។
លោក អង្គ ប៊ុនធៀង មេឃុំសេដារដ្ឋបាលស្រុកលំផាត់នៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៧ ភ្ងាក់ងារកាសែតនគរវត្ត មិនអាចសុំការទំនាក់ទំនងពាក់ព័ន្ធ នឹងករណីដែលគេដាក់គ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋនៅចំណុចដូចខាងលើបានទេ ។
ដោយឡែកលោកនូ ថេរ អភិបាលស្រុកលំផាត់ ក៏បានឲ្យដឹងតាមទូរស័ព្ទថា ពាក់ព័ន្ធរឿងឈូសឆាយដីព្រៃក្នុងឃុំសេដាមកដល់ពេលនេះ លោកនៅមិនទាន់បានដឹងទេដោយសារពុំមានគេរាយការណ៏ប្រាប់ តែរឿងនេះលោកនឹងចាត់កម្លាំងឲ្យចុះទៅត្រួតពិនិត្យមើលទីតាំងខាងលើនេះ ។
លោកសយ សូណា ប្រធានមន្ទីរកសិកម្មខេត្ដរតនគិរី កាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៧នេះ បានឲ្យដឹងតាមទូរស័ព្ទដែរថា ការដាក់គ្រឿងចក្រឈូសឆាយដីនៅតំបន់ខាងលើនេះ យើងមិនទាន់បានដឹងឡើយព្រោះជាប់បេសកម្មទៅភ្នំពេញ។
លោកប្រធានមន្ទីរកសិកម្មខេត្ដ បានបញ្ជាក់ថារឿងនោះលោកនឹងឲ្យមន្រ្ដីពិនិត្យផែនទីមើលសិនព្រោះបើតាមដឹងដីនោះបានស្ថិតនៅក្នុងដែនជម្រកសត្វលំផាត់ ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ដ ។ រឿងនេះអ្នកកាសែតគួរតែសួរទៅប្រធានមន្ទីរបរិស្ថានខេត្ដរតនគិរីទៅ ។
ចំពោះករណីនេះដែរ លោកផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្ដរតនគិរី កាលពីថ្ងៃទី១៦ខែធ្ន ឆ្នាំ២០១៧នេះ មិនអាចសុំការទំនាក់ទំនងបានទេ ពាក់ព័ន្ធនឹងករណីឈ្មួញ បានដាក់គ្រឿងចក្រចំនួនពីគ្រឿងចូលឈូលឆាយដីជម្រកសត្វលំផាត់នោះបានទេដោយ ទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល ។
យោងតាមច្បាប់ព្រៃឈើ ប្រឈមនឹងការផ្តេនាទោសនៃបទឧក្រឹត ពីព្រោះឈ្មួញប្រព្រឹត្តិ ក៏ជាសមត្ថកិច្ចជំនាញពាក់ព័ន្ធចំពោះការបំផ្លាចបំផ្លាញព្រៃឈើក្នុងតំបន់អភិរៈការពារ ។ក្នុងនោះអភិបាលនៃគណៈអភិបាលខេត្ត ក្នុងនាមសមាជិកនៃគណៈកម្មាការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិគួរមានវិធានការទប់ស្កាត់ ជៀសវៀងរងនៃការរិះគន់បទល្មើសព្រៃឈើនេះ អាចកើតមាន ដោយអំពើឃុបឃិតគ្នា នៃប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រព័ន្ធ ៕គ្រឿងចក្រពីរគ្រឿងដែលជនខិលខូចដាក់ឱ្យឈូសឆាយដីជម្រកសត្វព្រៃលំផាត់(រូបថតបានលុង)