បារាំងចង់អោយមានការិយាល័យកណ្តាលនៅក្រុងភ្នំពេញ សំរាប់សមាគមអភិបាលនិយាយភាសាបារាំង

ចែករំលែក៖

ភ្នំពេញ៖ បារាំង មានបំណងបង្កើតការិយាល័យតំណាងសំរាប់តំបន់អាស៊ី អាគ្នេយ៍នៅក្នុងទីក្រុងភ្នំពេញ ដើម្បីបង្កភាពងាយស្រួលក្នុងការទំនាក់ទំនងផ្ទាល់រវាងការិយាល័យនៅក្នុងទីក្រុងភ្នំពេញនិងការិយាល័យកណ្តាលនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង សំរាប់សមាគមអភិបាលនិយាយភាសាបារាំង។

នេះតាមការថ្លែងអោយដឹងក្នុងជំនួបពិភាក្សាការងារវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកព្យែ បៃយេ(pierre Baillet )  លេខាអចិន្ត្រៃយ៍ សមាគមអភិបាលនិយាយភាសាបារាំង កាលពីថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៨ ធ្នូ  ឆ្នាំ២០១៧ ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកម៉េត មាសភក្តីបានប្រាប់ក្រោយជំនួបថា៖លោកព្យែ បៃយេ លេខាអចិន្ត្រៃយ៍ សមាគមអភិបាលនិយាយភាសាបារាំងបានស្នើសុំអភិបាលរាជធានីភ្នំពេញក្នុងការបង្កើតជាការិយាល័យតំណាងសំរាប់អាស៊ី អាគ្នេយ៍នៅក្នុងទីក្រុងភ្នំពេញ លោកបន្ថែមថា៖ ការបង្កើតអោយមានការិយាល័យនៅក្នុងទីក្រុងនេះ ដើម្បីបង្កភាពកាន់តែងាយស្រួលក្នុងការបង្កើនកិច្ចសហប្រតិបត្តការនិងបង្កលទ្ធភាពកាន់តែងាយស្រួលសំរាប់ការងារទំនាក់ទំនងផ្ទាល់រវាងការិយាល័យនៅក្នុងទីក្រុងភ្នំពេញនិងការិយាល័យកណ្តាលនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង។

លោក  ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញបានស្វាគមន៍និងផ្តល់ជូនកិច្ចសហប្រតិបត្តការក៏ដូចជាការបង្កលទ្ធភាពគ្រប់បែបយ៉ាងចំពោះសំណើរខាងលើនេះ។អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក៏បានស្នើអោយភាគីបារាំងបើកកិច្ចប្រជុំ AIMF នៅទីក្រុងភ្នំពេញផងដែរដោយសារតែប្រទេសកម្ពុជាមិនបានបើកកិច្ចប្រជុំនេះជាច្រើនឆ្នាំមកហើយ។

លោកឃួង  ស្រេង ក៏បានថា  រាជធានីភ្នំពេញគឺជាទីក្រុងអាស៊ីតែមួយគត់ដែលបានចូលជាសមាជិកគណកម្មការអចិន្រ្តៃយ៍របស់សមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងដែលប្រើប្រាស់ភាសាបារាំង ហៅកាត់ថា AIMF តាំងពីឆ្នាំ១៩៩០៕    ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print