ភ្នំពេញ ៖ នៅគ្រាដែលបទបញ្ជាលោកស្នងការនគរបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យកើតមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ការចែកចាយ ឬ ប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន នឹងត្រូវទទួលខុសត្រូវទៅលើវិន័យរបស់កម្លាំងនគរបាលជាតិ ។
នៅក្នុងសង្កាត់ទួលសង្កែឯណេះវិញ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ហ្គេមបាញ់ត្រី ដែលជាប្រភេទល្បែងស៊ីសងកំពុងបើកលេងទាំងយប់ទាំងថ្ងៃ មិនខ្លាចមិនញញើត ទាំងបំពានច្បាប់ ។ ទីតាំងនោះស្ថិតនៅតាមផ្លូវលេខ៧០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជាការពិតណាស់! ការឲ្យកើតមានបទល្មើសល្បែងស៊ីសង ការចរាចរថ្នាំញៀន បញ្ហាអសន្តិ សុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កាន់តែមានលក្ខណ:រសើបបំផុត ងាយប្រឈមការទទួលខុសត្រូវសម្រាប់ដែនសមត្ថកិច្ចដែនដីខ្លួនគ្រប់គ្រង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្ទះហ្គេមបាញ់ត្រី ដែលមានទីតាំងខាងលើនេះ កំពុងបើកចំហរទ្វារទទួលភ្ញៀវញៀនល្បែងចូលលេងទាំងយប់ទាំងថ្ងៃ ពិសេសផ្តល់ឱកាសក្លាយជាជម្រកដល់ក្រុមអ្នកជួញដូរ និងប្រើប្រាស់ថ្នាំញៀនទៀតផង ។
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ៧០ ក្នុងភូមិសាស្រ្តខាងលើ បានលើកឡើងទៀតថា មិនមែនមានតែមួយកន្លែងនេះទេ នៅមានច្រើនកន្លែងទៀត កំពុងបើកលេងគគ្រឹកគគ្រេង រហូតទាក់ទាញឲ្យសិស្សសាលាជាប់ចិត្តចូលលេងភ្លេចពីការរៀនសូត្រ បែរជាសមត្ថកិច្វ អាជ្ញាធរពាក់ព័ន្ធគ្មានចេតនាបង្ក្រាបទៅវិញ ។
ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា មូលហេតុមិនបង្ក្រាបអាចមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹងមិនឃើញ ទី៤- អាចមានចេតនាអនុវត្តផ្ទុយពីយន្តការគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព៕ ជាយក្រុង