ខេត្តកណ្តាល ៖ The voice KTV ក្រុងតាខ្មៅ ត្រូវបានជនសង្ស័យក្នុងអំពើឆក់កាបូបម្នាក់ លាតត្រដាងថា បានអនុញ្ញាតឱ្យយុវជនសេពគ្រឿងញៀន ។
តាមរយៈការលាតត្រដាងខាងលើនេះ ពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរអាជ្ញាធរ សមត្ថកិច្ចគ្រប់គ្រងដែនដី ជួយមានវិធានការទប់ស្កាត់ និងបង្ក្រាបទីតាំងខាងលើនេះផង ។
ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ក្រោយឆក់កាបូបពីស្ត្រីម្នាក់ កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ ថ្លែងថា ជនសង្ស័យមានគ្នាពីរនាក់ ម្នាក់ឈ្មោះរី ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ និងម្នាក់ទៀតរត់គេចខ្លួន ។ ជនរងគ្រោះឈ្មោះ យូ សុខគង់ ភេទស្រី អាយុ៣៨ឆ្នាំ ។
ជនសង្ស័យ សារភាពថា គេបានទិញគ្រឿងញៀនពីចាក់អង្រែលើ ខណ្ឌមានជ័យ ក្នុងតម្លៃ១០ដុល្លារ យកទៅប្រើប្រាស់នៅ The voice KTV ផ្លូវលេខ១១០ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ជនសង្ស័យនិយាយថា យុវជនភាគច្រើនទៅប្រើប្រាស់គ្រឿងញៀននៅទីនោះ ដោយពុំសូវទៅច្រៀងខារ៉ាអូខេ ប៉ុន្មានទេ ។
ពាក់ព័ន្ធបញ្ហានេះ លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បញ្ជាក់ថា «នឹងពិនិត្យករណីនេះ តើម្ចាស់ខារ៉ាអូខេ អនុញ្ញាតឱ្យយុវជនសេពគ្រឿងញៀន ឬ ក៏យុវជនលួចលាក់ប្រើប្រាស់ដោយខ្លួនឯង» ៕ ឆ ដា