ខេត្តឧត្តរមានជ័យ ៖ នារីស្រស់ស្អាតវ័យក្មេងម្នាក់ ទម្រាំដាច់ចិត្តប្រាប់ម្តាយពីការចាញ់បោក ល្បួងលួងលោម រហូតធ្លាក់ក្នុងអន្លង់ស្នេហ៍ជ្រុលជ្រួសបង់ខ្លួនប្រាណជាហូរហែជាមួយប្រុសស្នេហ៍ ទើបម្តាយបានសម្រេចចិត្តដាក់ពាក្យប្តឹងឈ្មោះ ច្រាង សុខម៉ៃ ភេទប្រុស អាយុ ២២ឆ្នាំ នៅការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាន នគរបាលខេត្តឧត្តរមានជ័យ ដើម្បីឲ្យជួយរកយុត្តិធម៌ កាលពីថ្ងៃ២១ ខែធ្នូ ឆ្នាំ២០១៧ ។
នារីវ័យក្មេងដែលសម្រេចដាក់ពាក្យប្តឹងឈ្មោះ ភ.ម.ថ.ន រស់នៅក្នុងភូមិអូតាម៉េងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
នៅក្នុងពាក្យបណ្តឹងបានចោទប្រកាន់បុរសឈ្មោះ ច្រាង សុខម៉ៃ អាយុ២២ឆ្នាំ ពីបទ «ល្បួងលួងលោមសេពសន្ថវៈ និងរំលោភលើទំនុកចិត្តទៅលើក្មងស្រី មិនទាន់គ្រប់ អាយុយកទៅរំលោភបានសម្រេចជាហូរហែ រហូតនាងពេញក្រមុំ នៅតែបន្តប្រើល្បិចល្បួងលួងលោមយកទៅរំលោភបានសម្រេចជាច្រើនដងទៀត »។
តាមការរៀបរាប់ដំណើររឿងពីនារីវ័យក្មេងជាដើមបណ្តឹងបានឲ្យដឹងថា នៅថ្ងៃ ទី២១ ខែធ្នូ ឆ្នាំ២០១៧ ឈ្មោះច្រាង សុខម៉ៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅផ្ទះជិតគ្នា រំលងផ្លូវម្ខាង កាលពីនាងអាយុ១៦ឆ្នាំ (ពីរឆ្នាំមុន) ឈ្មោះច្រាង សុខម៉ៃ បានលួងលោមនាងយកទៅរំលោភជាច្រើនដង ទាំងនៅក្នុងព្រៃ និងនៅតាមផ្ទះសំណាក់ ដោយបញ្ឆោតនាងថា នឹងឲ្យឪពុកម្ដាយមកចូលស្ដីដណ្ដឹងតាមផ្លូវទៅ តាមច្បាប់ និងរៀបការទៅតាមប្រពៃណី ។ តែទីបំផុតឪពុកម្ដាយខាងប្រុស គេមិនទទួលស្គាល់ ថែមទាំងត្រូវប្រុសស្នេហ៍ដោះដៃចោលទៀត។
នាងបន្តថា ២ឆ្នាំកន្លងផុតទៅឆ្នាំ២០១៥ ដល់ខែកញ្ញា ឆ្នាំ២០១៧ ម្ដាយខាងប្រុសបានហៅនាងទៅសួរស្ងាត់ៗ ដោយហាមមិនឲ្យម្ដាយខ្លួនដឹងទៀតផង ។ ក្នុងន័យបញ្ឆោតនាងជួយលួង លោមកូនប្រុសគាត់ គ្រាដែលធ្លាក់ក្នុងល្បែងញៀនថ្នាំ ជាមួយក្រុមមិត្តភ័ក្ដិ ដោយសន្យាថានឹង ចូលស្តីដណ្ដឹង អស់ប៉ុន្មានក៏មិនខ្វល់ដែរ ឲ្យតែលួងលោមកូនប្រុសគាត់អោយចូលផ្ទះវិញ។
នាងបន្តទៀតថា ដោយសារតែកូនគាត់ដើរលេងមិនចូលផ្ទះ តាមមិត្តភក្តិញៀនថ្នាំ មានពេលខ្លះម៉ោង១២យប់ទូរស័ព្ទហៅនាងទៅផ្ទះ រហូតកូនរបស់គាត់រំលោភជាហូរហែ ដោយមិនឲ្យប្រាប់ម្ដាយ ។
នាងបញ្ជាក់ចុងក្រោយថា ដោយសារតែភាពឆោតល្ងង់ និងមិនអាចបន្តរស់នៅក្នុងស្ថានភាពពិបាក និងការបដិសេធដណ្ដឹងនាង ទើបនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នាងសម្រេចប្រាប់ម្ដាយៗក៏បានដាក់ពាក្យបណ្តឹងនៅការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារ អនិតិជននៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីឲ្យជួយរកយុត្តិធម៌ដល់ខ្លួន និង ផ្តន្ទាទោសទៅតាមច្បាប់ ៕ ប៉ែន នួន