អ្នកអារឈើភ្លាត់ស្នៀតត្រូវមែកឈើធ្លាក់ចំក្បាលប្រកាច់ស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់កាត់តាំងពីស្រុកឆ្ងាយមកស្នាក់នៅដើម្បីអារឈើ បានភ្លាត់ស្នៀតមែកឈើបាក់ធ្លាក់ចំក្បាលប្រកាច់ស្លាប់ក្នុងឈាមមួយរំពេចយ៉ាងរន្ធត់ នៅគ្រាដែលគាត់កំពុងធ្វើសកម្មភាពអារឈើនៅក្នុងព្រៃ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅតំបន់ក្នុងព្រៃភ្នំត្រង់ចំណុចណ្ហិត ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅចំណុចត្រពងពង្សក្បែកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ រ៉េត សារុន ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរត្រែល ឃុំ.ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មកស្ទាក់នៅតំបន់ និងភូមិ.ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានខាងលើបន្តថា បើតាមការរៀបរាប់ពីប្រពន្ធ ក៍ដូចជាសាច់ញាតិជនរងគ្រោះលើកឡើងស្រដៀងៗគ្នាថា នៅពេលវេលាខាងលើជនរងគ្រោះ និងបក្ខពួកបាននាំគ្នាអារដើមឈើ(រាជកុល)១ដើមធំ នៅពេលអារដើមឈើនោះដាច់ចេញពីគល់ហើយនោះ វាដួលរលំដោយសន្សឹមៗយឺតៗព្រោះវាចង្អៀតទៅដោយដើមឈើដុះហំព័ទជុំវិញ និងមានវ័លិរុំផងនោះ ខណៈនោះស្រាប់តែមានមែកវាបាក់ដាច់ចេញពីដើមធ្លាក់ចំក្បាលជនរងគ្រោះ បណ្ដាលឲ្យប្រកាច់ដាច់ខ្យល់ស្លាប់មួយរំពេចយ៉ាងអាណោចអាធ័ម។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា សាកសពបានដឹកតាមរទេះគោយកមកតំកល់នៅ(វត្តត្រពងពង្ស) ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងបានបូជានៅវេលាម៉ោង១ និង១៥នាទី រសៀលថ្ងៃចន្ទ័ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នេះ។

គួររំលឹកផងដែរថា៖ ករណីខាងលើនេះបានកើតមានឡើងញឹកញាប់គួរសមផងដែរ នៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ ឬមួយក៍ពិតជាត្រូវទំនៀយធម្មជាតិពិតប្រាកដមែននោះ៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print