ក្រុមហ៊ុនយូនីគ្រិនទទួលទិញឈើហ៊ុបពីគ្រប់ទិសទីចូលក្រុមហ៊ុនរបស់ខ្លួនយ៉ាងគឃ្លើននិងច្បាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ប្រសិនបើពុំមានវិធានការទប់ស្កាត់ណាមួយពីអាជ្ញាធរខេត្តមណ្ឌលគិរី សមត្ថកិច្ច ជំនាញពាក់ព័ន្ធ សកម្មភាពកាប់បំផ្លាញព្រៃឈើចេញពីតំបន់អភិរក្សដែនជម្រក សត្វភ្នំព្រិច នឹងត្រូវវិនាសហិនហោចដ៏ខ្លីបំផុតខាងមុខនេះ ។ ក្នុងនោះមិនត្រឹមតែក្រុមហ៊ុន ម៉ាស្ទ័រឃេសាន់របស់ឧកញ៉ា ស៊ឹង សំអុល ប៉ុណ្ណោះទេ ចាំទទួលទិញឈើពីឧកញ៉ា អ៊ឹង ប៊ុនចិន ឈ្មួញសាន ចយ និងឈ្មួញ ស្រឿង ម៉េង ហៅម៉េង ៣ពូថៅ ដើម្បីអូសចូលក្រុម ហ៊ុនឲ្យទៅជាឈើស្របច្បាប់ឃុបឃិតគ្នាជាមួយរដ្ឋបាលព្រៃឈើប៉ុណ្ណោះទេ ។ សូម្បីតែ ក្រុមហ៊ុនយូនីគ្រិន ក៏មានវប្បធម៌បែបនេះ ចាំទទួលទិញឈើពីខាងក្រៅ ពីឈ្មូញប្រមូល ទិញពីពលរដ្ឋ ពីប្រជាពលរដ្ឋផ្ទាល់យ៉ាងគគ្រឹកគ្រេងដឹកជញ្ជូនចូលក្រុមហ៊ុនយូនីគ្រិនទាំង យប់ទាំងថ្ងៃមកពីគ្រប់ទិសទី ។

នារសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ គេក៏បានឃើញពីសកម្មភាពលើកនិងស្ទូចឈើ ក្នុងក្រុមហ៊ុនយូនីគ្រិនដាក់ លើរថយន្តយីឌុបបម្រុងនាំចេញទៅក្រៅ ។

ប្រភពឈើទាំងនោះ ត្រូវបានប្រជាពលរដ្ឋធ្លោយឲ្យដឹងថា គ្រុមហ៊ុនយូនីគ្រិនបានប្រមូល ទិញពីតំបន់ព្រៃសហគមន៍ ក៏ដូចជាដែនអភិរក្ស ក្នុងនោះគឺមានរថយន្តកែច្នៃ គោយន្តកន្ត្រៃ រថយន្តបាកុង សម្រាប់ធ្ចើជាមធ្យោបាយដឹកជញ្ជូនចូលក្នុងក្រុមហ៊ុននេះ ។

ពាក់ព័ន្ធករណីនេះ នគរវត្តមិនអាចទាក់ទងបានទេ សុំការបំភ្លឺជុំវិញការប្រមូលទិញឈើ ខុសច្បាប់ពីក្រៅដីសម្បទានក្រុមហ៊ុនរបស់ខ្លួន នារសៀលថ្ងៃទី២៧ ខែធ្នូនេះ ខណៈគ្មាន លេខទូរស័ព្ទ ។

លោក អ៊ុំវណ្ណ សុភ័គ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានប្រាប់តាមទូរស័ព្ទ យ៉ាងដូច្នេះថា ក្រុមហ៊ុនខាង​លើនេះមានច្បាប់ត្រឹមត្រូវ មិនដូចអ្វីដែលប្រជាពលរដ្ឋចោទ ប្រកាន់នោះទេ ។ លោកនាយខណ្ឌបានជំរុញឲ្យអ្នកសារព័ត៌មាន គួរចូលទៅមើលក្នុងក្រុម ហ៊ុនដោយខ្លួនឯងផ្ទាល់ ។ បើទោះជាមានការលើកឡើងបែបនេះ ជាការបញ្ចៀសបញ្ហា ការទទួលខុសត្រូវពីនាយខណ្ឌក៏ដូចជាចំអកឲ្យអ្នកសារព័ត៌មានដែលគ្មានតួនាទីជាអ្នក បង្ក្រាបចុះធ្វើការរឿងនេះក៏ដោយ ។

ករណីលោកនាយខណ្ឌកំពុងប្រឈមផងដែលនូវអំពើ ពុករលួយ ទោះជាក្រុមហ៊ុនយូនីគ្រិនមានច្បាប់ក៏ដោយ ប៉ុន្តែសព្វមួយដង កាត់ប៉េសេក្នុង មួយឡាន១៧ទៅ១៨ម៉ែត្រគូប ចុះហេតុអ្វីបានជាក្រុមហ៊ុនមួយនេះផ្ទុកយ៉ាងតិចមូយឡាន ពី៥០ទៅ៦០ម៉ែត្រគូប? នេះមិនទាន់គិតដល់សកម្មភាពដែលក្រុមហ៊ុនបើកចំហរទទួល ទិញឈើពីខាងក្រៅអូសចូលក្រុមហ៊ុនរបស់ខ្លួន និងឲ្យឈ្មួញ ប្រជាពលរដ្ឋដឹកជញ្ជូនឈើ ហ៊ុបមកលក់ឲ្យខ្លូនដោយផ្ទាល់នៅក្នុងក្រុមហ៊ុនទៀតផង​។

មន្ត្រីសាលាខេត្តបានរិះគន់ថា ឮតែអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីបង្កើតគណៈ  កម្មការ ដើម្បីចុះពិនិត្យបង្ក្រាបបទល្មើសកាប់បំផ្លាញ និងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគ្រេង នៅស្រុកកោះញែក ប៉ុន្តែជាលទ្ធផល បទល្មើសនេះកាន់តែរាលដាល ក្រុមហ៊ុនដែលមាន ច្បាប់ ប៉ុន្តែព្រៃសម្បទានរបស់ខ្លួនគ្មានឈើ តែងតែបំពានច្បាប់តាមរយៈប្រមូលទិញឈើពី តំបន់ព្រៃសហគមន៍ តំបន់អភិរក្សដែនជម្រកសត្វភ្នំព្រិចអូសចូលក្រុមហ៊ុនរួចកាត់ប៉េសេ ឲ្យទៅជាឈើស្របច្បាប់នាំចេញទៅក្រៅប្រទេសយ៉ាងធូររលុង ។

បច្ចុប្បន្ន បទល្មើសឈើនៅខេត្តមណ្ឌលគិរី ក្រោមការគ្រប់គ្រងដោយលោកស្វាយ សំអ៊ាង   អភិបាលនៃគណៈអភិបាលខេត្ត ឃើញថា មានការវិវត្តន៍តែសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការប្រមូលទិញឈើ ដឹកជញ្ជូនទៅប្រទេសវៀតណាមយ៉ាងអនាអធិបតេយ្យប៉ុណ្ណោះ ។ ក្រៅពីនោះ សូម្បីតែប្អូនរបស់គាត់ជាសមត្ថកិច្ច កន្លងទៅក៏ជាមេឈ្មួញឈើមួយដ៏ធំប្រចាំ​ ខេត្តនេះ ប៉ុន្តែត្រូវបានដកខ្លួនមួយរយៈ បន្ទាប់ពីមានការបង្ក្រាប ក្នុងការរក្សាទុកឈើល្មើស ច្បាប់នៃបទល្មើសជាក់ស្តែង ។

ដោយឡែក កូនប្រសារបស់គាត់ក៏មានករណីពាក់ព័ន្ធបញ្ហាបង្ក្រាបឈើនៅតំបន់អូរហ៊ុច ស្រុកកែវសីមាកន្លងទៅផងដែរ​ ក៏ដូចជាបច្ចុប្បន្ន ត្រូវបានគេខ្សឹបខ្សៀវថា កូនប្រសារបស់ គាត់នៅតែជាអ្នករត់ការ ដើម្បីឲ្យឈ្មួញវៀតណាមចាំទទួលទិញឈើពីទឹកដីខេត្ត មណ្ឌលគិរី ខណៈឈ្មួញមានទំនុកចិត្ត ព្រោះគាត់ជាកូនប្រសាថ្នាក់ដឹកនាំប្រចាំខេត្តនេះទាំងមូល ៕ ដោយ ៖ លក្ម្សុី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print