បង្ក្រាបទីតាំងកត់កន្ទុយលេខដុះស្លែរមួយកន្លែង ក្បែរផ្សារប៉េសេថ្មី ឃាត់ខ្លួនមនុស្ស៩នាក់

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយនគរបាលមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថ រួមជាមួយកម្លាំងប្រជាការពារសង្កាត់ខណ្ឌ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងលួចលាក់កត់កន្ទុយលេខខុសច្បាប់ដុះស្លែរមួយកន្លែង ( ឆ្នោតវៀតណាម )ជាលិទ្ធផលឃាត់ខ្លួនមនុស្ស៩នាក់ ក្នុងនោះស្រី៣នាក់ រួមនឹងវត្ថុតាងជាច្រើនផងដែរ ។

ករណីបង្រ្កាបទីតាំងកត់កន្ទុយលេខដុះស្លែរខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះលែងមួយកន្លែង ខាងជើងផ្សារប៉េសេ ស្ថិតក្នុងភូមិត្និតជ្រុំ២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលដឹកនាំកម្លាំងចុះបង្ក្រាប អោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថាមានការលួចលាក់កត់ឆ្នោតយួនខុសច្បាប់នៅទីតាំងខាងលើរួចមក លោកបានដាក់កម្លាំងចុះទៅស៊ើបការណ៍ជាច្រើនថ្ងៃមកហើយ រហូតកំណត់បានថា ទីតាំងនេះ ពិតជាមានលួចលាក់កត់ឆ្នោតយួនខុសច្បាប់ប្រាកដមែន ទើបកម្លាំងអាជ្ញាធរចម្រុះ ដោយមានការឯកភាពពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រីស៊ឺ វណ្ណី បានចុះបង្ក្រាបបានជាក់ស្តែងតែម្តងទៅ ។

លោកអភិបាលរងបន្ថែមថា ចុះបង្ក្រាបនៅពេលនេះ គឺដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានដាក់បញ្ជារដល់កម្លាំងមន្ត្រីក្រោមឱវាទ ធ្វើយ៉ាងណា ត្រូវបង្ក្រាបអោយបានជាដាច់ខាតនូវរាល់បទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ពិសេសរាល់ទីតាំងលួចលាក់បង្ក្រប់នូវល្បែងស៊ីសងផ្សេងៗ មិនថាជាល្បែងដែលជ្រកក្រោមអាជីវកម្មស្របច្បាប់ ឬក៏គ្មាននោះទេ ពោលត្រូវតែបង្ក្រាបអោយខានតែបាន ប្រសិនបើអាជ្ញាធរបានទទួលព័ត៌មាន នៃទីតាំងលួចលាក់បង្ក្រប់ល្បែងស៊ីសងទាំងនោះ ។

សូមបញ្ជាក់ថា នៅក្នុងការចុះបង្ក្រាបខាងលើនេះ កម្លាំងអាជ្ញាធរបានធ្វើការដកហូតវត្ថុតាងរួមមាន : ម៉ាស៊ីន Fax ២គ្រេឿង , ម៉ាស៊ីនព្រីងមួយគ្រេឿង , ម៉ូតូ៤គ្រេឿង , ក្រដាស់កត់ឆ្នោតនិងវត្ថុតាងពាក់ព័ន្ធការកត់ឆ្នោតមួយចំនួនធំ រួមទាំង ឃាត់ខ្លួនមនុស្សចំនួន៩នាក់ ក្នុងនោះស្រី៣នាក់ ។

ក្រោយការឃាត់ខ្លួនជនទាំង៩នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធ ត្រូវបញ្ចូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំបន្តនិតិវិធីច្បាប់ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print