ខេត្តព្រះវិហារ ៖ កុមារម្នាក់បានលង់ទឹកស្លាប់នៅទំនប់៩៥ ហើយត្រូវបានអ្នកភូមិចុះស្រង់សពកុមារខាងលើយកមកផ្ទះ ។ ការស្លាប់នេះដោយខ្វះការទទួលខុសត្រូវពីអាណាព្យា បាល ម្តាយគិតថា កូននៅជាមួយឪពុក ដល់ឪពុកគិតថានៅជាមួយម្តាយ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណជា២ ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០១៧ ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា សពកុមារឈ្មោះ កៅ ដូលីន ភេទប្រុស អាយុ៤ឆ្នាំ ។ ចំណែកឪពុក ឈ្មោះ អួងឡាដូ អាយុ៣៥ ឆ្នាំ ជាអនុប្រធានភូមិប៉ាលហាល និងម្តាយឈ្មោះ ធឿន ប៊ុន ធី អាយុ២៩ឆ្នាំ ។ អ្នកទាំងពីរ រស់នៅភូមិទំនប់៩៥ ឃុំប៉ាលហាល ខេត្តព្រះវិហារ ។
អ្នកស្រីធឿន ប៊ុនធី ត្រូវជាម្តាយសពកុមារដូលីនបានរៀបរាប់ទាំងសោកស្តាយថា មុនកើតហេតុ នៅរសៀលថ្ងៃទី២៥ រូបគាត់បានហូបបាយជុំគ្នារដូចរាល់ថ្ងៃជាក្រុមគ្រួសារ ។លុះដល់ម៉ោង២ទៅម៉ោង៣បានបាត់កូនប្រុសមិនឃើញ មាន ការសង្ស័យគាត់បានទូរស័ព្ទទៅប្តីបញ្ជាក់ថា មានយកកូនទៅជាមួយដែរអត់ ប្តីគាត់ឮសម្តីប្រពន្ធសួរដូច្នេះក៍មានការបារម្ភពីសុវត្ថិភាពរបស់កូន ហើយមានការផ្អើលឆោឡោពេញភូមិតែម្តង ។
អ្នកស្រីបន្តថា ក្រុមគ្រួសារបានដើរស្វែងរក រួមជាមួយអ្នក
ភូមិអស់រយៈពេលមួយថ្ងៃពេញ នៅតែរកមិនឃើញកុមាររងគ្រោះខាងលើ ។ លុះដល់រសៀលម៉ោងប្រហែល២ ត្រូវថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ អ្នកស្រុកបានប្រទះឃើញសពក្មេងប្រុសនោះអណ្តែតទឹកក្នុងទំនប់៩៥ ហើយភ្លាមៗនោះអ្នកភូមិបានចុះស្រង់សពកុមារខាងលើយកមកផ្ទះ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើកុសលវិច័យចប់សព្វគ្រប់ បានបញ្ជក់ថាកុមារដូលីនពិតជាស្ង់ជាស្លាប់ដោយទឹកពិតប្រាកដមែន ហើយក៍ប្រគល់សពកុមារទៅឪពុកម្តាយដើម្បីធ្វើបុណ្យតាមប្រពៃណី៕វណ្ណៈ