ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តតាកែវ នៅតែបន្តឲ្យមានការផលិតស្ករត្នោតក្លែងក្លាយនៅស្រុកបាទី

ចែករំលែក៖

ខេត្តតាកែវ៖ បើទោះជាលោក ចម ប្រសិទ្ធ បញ្ជាឲ្យមន្ទីរឧស្សាហកម្មទាំង២៥ លុបបំបាត់ជាបន្ទាន់ រាល់សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយក៏ដោយ ក៏មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តតាកែវ នៅតែបន្តឲ្យមានការលួចលាក់ផលិតស្ករត្នោតក្លែងក្លាយនៅក្នុងស្រុកបាទីដដែល ដោយបំពានទៅលើលិខិតរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋ២ភូមិគឺ ភូមិស្តុកព្រៃ និងភូមិខ្សាច់លប់ នៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ប្រមាណ២០គ្រួសារ បាននឹងកំពុងតែលួចលាក់ផលិតស្ករត្នោតក្លែងក្លាយ បានយ៉ាងរលូនដដែល ដោយពុំឃើញ មន្ត្រីជំនាញមន្ទីរឧស្សាហកម្ម និងសិប្បកម្ម សាខាកាំកុងត្រូល ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមកទប់ស្កាត់ និងហាមឃាត់នោះទេ។

យោងតាមតាមលិខិតរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចុះហត្ថលេខាដោយលោក ចម ប្រសិទ្ធ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ បានបញ្ជាក់ថា កន្លងមកមានការផលិតស្ករត្នោតក្លែងក្លាយដែលបានផលិតចេញពីវត្ថុធាតុដើមស្ករស ឬស្ករប្រភេទផ្សេងទៀត ហើយបានកែច្នៃទៅជាផលិតផលស្ករដែលមានរសជាតិ ក្លិន ពណ៌ និងទ្រង់ទ្រាយដូចគ្នាទៅនឹងស្ករត្នោត និងបានយកទៅចរាចរលើទីផ្សារបន្លំធ្វើជាស្ករត្នោតខ្មែរ។ សកម្មភាពនេះ គឺជាវិច្ឆេទកម្មសេដ្ឋកិច្ចដើម្បីបំផ្លាញកិត្តិនាមស្ករត្នោតខ្មែរ ដែលជាអត្តសញ្ញាណផលិតផលជាតិកំពុងត្រូវបានទទួលស្គាល់ជាសាធារណៈ ទាំងក្នុង និងក្រៅប្រទេស។ ដូច្នេះ ក្រសួងសូមណែនាំដល់គ្រប់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា លុបបំបាត់រាល់សិប្បកម្មផលិតស្ករត្នោត ក្លែងក្លាយ ចាប់ពីពេលនេះតទៅ។

ពាក់ព័ន្ធបញ្ហានេះលោក កេត ព្រុង ប្រធានមន្ទីរឧស្សហកម្ម និងសិប្បកម្ម ខេត្តតាកែវ បានឲ្យដឹងថា លោកមិនទាន់បានចុះទៅស្រាវជ្រាវនៅឡើយទេ ដោយលោកប្រគល់ឲ្យលោក សោ ស៊ីណា ប្រធានការិយាល័យឧស្សាហកម្ម និងសិប្បកម្មស្រុកបាទី ជាអ្នកចុះទៅស្រាវជ្រាវបន្ទាប់ពីក្រសួងបានចេញលិខិតឲ្យលុបបំបាត់រាល់សិប្បកម្មផលិតស្ករត្នោត ក្លែងក្លាយ។

គួររំឭកថា ក្រុមប្រជាពលរដ្ឋដែរលួចផលិតស្ករត្នោតនេះធ្លាប់បង្ហើបឲ្យដឹងថា ពួកគេបានបង់លុយឲ្យទៅលោក សោ ស៊ីណា ប្រធានការិយាល័យឧស្សហកម្ម និងសិប្បកម្ម ស្រុកបាទី ទើបអាចផលិតបានដោយរលូន។ ចំណែកលោក កេត ព្រុង ក៏ធ្លាប់បានទទួលស្គាល់ថា ក្រុមមន្ត្រីរបស់លោកពិតជាបានទទួលយកលុយពីអ្នកផលិតស្ករត្នោតក្លែងក្លាយពិតមែន៕ ភ្នំដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print