អាមេរិកប្រកាសមិនលូកដៃចូលកិច្ចពិភាក្សារវាងកូរ៉េខាងត្បូងនឹងកូរ៉េខាងជើង

ចែករំលែក៖

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានប្រកាសថា កូរ៉េខាងជើង ជិតសាកល្បងកាំជ្រួចមីស៊ីលជាថ្មី។ ជាមួយគ្នានេះ លោកស្រីបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង នៃកិច្ចពិភាក្សារវាងកូរ៉េខាងជើងនឹង កូរ៉េខាងត្បូងស្តីពីសន្តិភាពនោះឡើយ ប្រសិនបើមិនមានលទ្ធផលច្បាស់លាស់ឈានដល់ការបោះបង់កម្មវិធីបរមាណូ។

លោកស្រី Haleyបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា មានភស្តុតាងជាច្រើន បង្ហាញឲ្យឃើញថា កូរ៉េខាងជើងជិតសាកល្បងកាំជ្រួចមីស៊ីលជាថ្មី ប៉ុន្តែលោកស្រីមិនបានប្រកាសលម្អិត ពីគម្រោងបាញ់មីស៊ីលនោះឡើយ។

លោកស្រីបញ្ជាក់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ថា «ខ្ញុំសង្ឃឹមថា ការសាកល្បងមីស៊ីលថ្មីនឹងមិនកើតឡើង។ ប៉ុន្តែប្រសិនជាមាន យើងនឹងមានវិធានការតឹងតែងជាងនេះទៅលើកូរ៉េខាងជើង។

នៅថ្ងៃទី២ ខែមករា នោះដែរ កូរ៉េខាងត្បូងបានបញ្ជាក់ថា នៅសប្តាហ៍ខាងមុខ នឹងមានកិច្ចពិភាក្សា ជាមួយកូរ៉េខាងជើង ក្នុងពេលដែលកម្មវិធីមីស៊ីល និងបរមាណូ បង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់។ ការប្រកាសពីគម្រោងជួបពិភាក្សាខាងលើរបស់កូរ៉េខាងជើង កើតឡើងក្រោយពេលដែល មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុននិយាយនៅក្នុងសារឆ្នាំថ្មីថា លោកចង់ឲ្យមានកិច្ចពិភាក្សាដោយបើកទូលាយជាមួយទីក្រុងសេអ៊ូល។

លោក គីម ជុងអ៊ុន បានបញ្ជាក់ផងដែរថា ក្រុមកីឡាកររបស់កូរ៉េខាជើង ក៏បានត្រៀមលក្ខណៈចូលរួមការប្រកួត កីឡាអូឡាំពិករដូវរងានាពេលខាងមុខ នៅកូរ៉េខាងត្បូង ។ ទទឹ្ទមនឹងគ្នានោះ លោក គីម ជុងអ៊ុន បញ្ជាក់ថា ប្រទេសរបស់លោក និងបង្កើនការផលិតក្បាលគ្រាប់បរមាណូ និងកាំជ្រួចមីស៊ីល បើទោះរងការដាក់ទណ្ឌកម្ម ពីអង្គការសហប្រជាជាតិក្តី។

មេដឹកនាំកូរ៉េខាងជើងបានបញ្ជាក់ទៀតថា នៅលើតុធ្វើការរបស់លោកមានកុងតាក់ចុច បញ្ជាបរមាណូ ប្រសិនបើរងការវាយប្រហារពីអាមេរិក។ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ថា «កូរ៉េខាងជើង អាចពិភាក្សាជាមួយអ្នកណា ដែលគេចូលចិត្ត ប៉ុន្តែអាមេរិក នឹងមិនទទួលស្គាល់ នៅកិច្ចពិភាក្សានោះឡើយ រហូតដល់ប្រទេសនេះ ព្រមបោះបង់កម្មវិធីបរមាណូ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print