ភ្នំពេញ៖ បុរសម្នាក់យកម៉ូតូសង្សារទៅបាត់ជិតមួយខែ ស្រាប់តែស្រីសេ្នហ៍ឃើញស្រែកថាចោរៗផ្អើលប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍មនោរម្យ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែ មករា ឆ្នាំ ២០១៨ ម៉ោង៩និង៣០នាទីព្រឹក នៅចំណុចច្រកឌឿងហែម ក្រោមភោជនីយដ្ឋានថ្មដា សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមពាក្យបណ្តឹងជនរងគ្រោះមានឈ្មោះ អ៊ុន ស្រីណែត អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧ ភូមិអណ្តូងប្រាំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ម៉ូតូដែលជនសង្ស័យយកទៅម៉ាកហុងដាអាយខន ស្លាកលេខភ្នំពេញ 1-AM.9474 ហើយត្រូវបានជនសង្ស័យដោះស្លាកលេខចោលដាក់ស្លាកលេខថ្មី កណ្តាល 1V-1590 ។
ចំណែកជនសង្ស័យ មានឈ្មោះ ចាន់ រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរពិតប្រាកដ ស្នាក់នៅម្ដុំផ្សារទឹកថ្លា។
នារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា៖ កាលពីថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៧វេលាម៉ោង១រំលងអាធ្រាត ជនសង្ស័យបានបានមកបបួលនាងទៅដើរលេងហើយនាងក៍យល់ព្រមប៉ុន្តែនាងបានបញ្ជាក់ថាទើបតែស្គាល់ជនសង្ស័យ២ទៅ៣ ថ្ងៃទេ។នាងបន្តទៀតថានៅពេលនោះជនសង្ស័យបានជិះរថយន្ត ចំណែកជនរងគ្រោះជិះម៉ូតូ ហើយជនសង្ស័យឲ្យ ជនរងគ្រោះយកម៉ូតូទៅផ្ញើនៅម្តុំមន្ទីរពេទ្យលោកសង្ឃ ហើយឡើងជិះរថយន្តដើរលេងជាមួយគ្នានៅម្តុំកោះពេជ្រ។
ខណៈកំពុងដើរលេង ជនរងគ្រោះឈឺនោមក៏ចុះពីរថយន្តទៅរកបន្ទប់ទឹក ដោយទុកសោរម៉ូតូ និងសំបុត្រផ្ញើរួមនិងថង់សម្លៀកបំពាក់នៅក្នុងរថយន្តផងនោះ។ ពេលជនរងគ្រោះចុះរកបន្ទប់ទឹក ជនសង្ស័យក៏បើករថយន្តចេញមកបាត់ ។ ភ្លាមនោះជនរងគ្រោះមកពីបន្ទប់ទឹកវិញមិនឃើញជនសង្ស័យ ក៏បានហៅម៉ូតូឌុបជិះមកកន្លែងផ្ញើម៉ូតូ ដើម្បីមករកម៉ូតូ តែរកមិនឃើញព្រោះជនសង្ស័យបានមកយកម៉ូតូចេញទៅបាត់ហើយ។ ក្រោយពេលដឹកថាជនសង្ស័យលួចយកម៉ូតូទៅបាត់ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ។ លុះដល់ថ្ងៃព្រហស្បតិ៍ ៣រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៨ ម៉ោង៩និង៣០នាទីព្រឹក នៅចំណុចច្រកឌឿងហែម ក្រោមភោជនីយដ្ឋានថ្មដា សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញនាងក៍បានឃើញជនសង្ស័យកំពង់ជិះម៉ូតូរបស់ខ្លួនដែលបាត់នោះក៍ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តង។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានឃាត់ខ្លួននៅប៉ុស្ថិ៍នគរបាលមនោរម្យដើម្បីធ្វើការសាកសួរហើយក៍ប្រគាល់ឲ្យមកនគរបាលប៉ុស្តិ៍ទឹកថ្លាវិញដើម្បីចាត់ការបន្តតាមនិតិវិធីវិញ៕ ដោយ៖ តង សីហា