ខេត្តកណ្ដាល ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលចាប់ខ្លួន ខណៈដែលជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ។
ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមួយចំនួនដូចជា៖ ថ្នាំញៀនចំនួន០២កញ្ចប់ មធ្យម និងទូរសព្ទ័ដៃ០២គ្រឿងផងដែរ ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបាន២នាក់ ទី១-ឈ្មោះ អាន ខុម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ និងទី២-ឈ្មោះ ផល សុភីភេទប្រុស អាយុ២៤ឆ្នាំ ។ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិឧសភា សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាធានីភ្នំពេញ ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ នៃអធការដ្ឋាននគរបាលស្រុកកអង្គស្នួល បានធ្វើការចេញល្បាតក្នុងភូមិសាស្រ្តដែលខ្លួនគ្រប់គ្រងនិងជាកន្លែងដែលងាយរងគ្រោះផងនោះ លុះមកដល់ចំណុចកើតហេតុខាងលើបានឃើញជនសង្ស័យ២នាក់ កំពុងឈរនៅលើផ្លូវលំ ដោយមានការសង្សយ័ ភ្លាមនោះក៏បានឃាត់ខ្លួន រួចសុំធ្វើការឆែកឆេរបានរកឃើញថ្នាំញៀនចំនួន០២កញ្ចប់ មធ្យម នៅនឹងឈ្មោះផល សុភី ជាអ្នកកាន់ ឈានដល់ចាប់ខ្លួនជនសង្ស័យទាំង២នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ថ្នាំញៀននេះខ្លួនបានចូលលុយគ្នាទិញពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ នៅភូមិ វែង ឃុំម្កាក់ ស្រុកអង្គស្នួល ដោយឈ្មោះ អាន ខុម ជាអ្នកតេទូរសព្ទទិញ ០២កញ្ចប់ក្នុងតម្លៃ២០ដុល្លារសហរដ្ឋអាមេរិក ដើម្បីយកទៅប្រើប្រាស់និងលក់បន្ត ៕