ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាមជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ លោក ម៉ុង មុនីសោភា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ប្រកាសសាលក្រមផ្ដន្ទាទោសស្ត្រីម្នាក់ ដាក់ពន្ធនាគារ៧ឆ្នាំ ពីបទការនាំចេញមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ព្រមទាំងសងសំណងចិត្តដល់ជនរងគ្រោះចំនួន ៣០០០ដុល្លារ។
ជនជាប់ចោទឈ្មោះ ផៃ ចន្ថា អាយុ ៣៤ឆ្នាំ ឆ្លើយក្នុងពេលសវនាការកន្លងទៅថា ខ្លួននិងនារីរងគ្រោះ រស់នៅក្នុងភូមិជាមួយគ្នា ដោយខ្លួនមានប្តីនៅប្រទេសចិន ។ នៅពេលខ្លួនមកលេងស្រុកកំណើតជនរងគ្រោះបានសុំឱ្យខ្លួន នាំទៅការប្តីនៅប្រទេសចិនដែរ ។
ក្រោយមកខ្លួនបានជួយជនរងគ្រោះឱ្យទៅការប្តីនៅប្រទេសចិន បានសម្រេចដោយបានលុយ ១២០០ដុល្លារ ពីប្តីចិន។ លុយនោះខ្លួនរត់ការធ្វើឯកសារយកនាងទៅ អស់ ៧០០ដុល្លារ និងឱ្យថ្លៃទឹកដោះទៅម្តាយនាង ២០០ដុល្លារ ។
ចំណែកជនរងគ្រោះបានបញ្ជាក់ថា ក្រោយពេលដែលខ្លួនរៀបការជាមួយប្តីចិនរួច នៅក្នុងរយៈពេល៣ ខែដំបូងមិនមាន រឿងអ្វីកើតឡើងទេ ។ប៉ុន្តែក្រោយមកប្តីចិនចេះតែរករឿង និងបង្ខំរួមភេទ ទាំងពេលមានរដូវ ។
នាងបន្តថា ប្តីចិននោះនិយាយប្រាប់ថា គេបានចំណាយប្រាក់អស់ ២២០០០ ដុល្លារ ដើម្បីយកខ្លួនទៅដល់ប្រទេសចិន និងបានឱ្យលុយទៅឈ្មោះ ផៃ ចន្ថា ចំនួន ៧០០០ ដុល្លារ ដើម្បីយកឱ្យម្តាយជាថ្លៃទឹកដោះតែតាមការពិត ម្តាយខ្លួនមិនបានទទួលនោះទេ ។
ក្រោយពីទ្រាំនឹងការធ្វើបាបរបស់ប្តីចិននោះមិនបានទើប ជនរងគ្រោះ ឱ្យម្តាយនៅស្រុកខ្មែរផ្ញើលុយ៣៥០០ដុល្លារ ដើម្បីធ្វើដំណើរមកស្រុកខ្មែរ ដោយមានស្ត្រីខ្មែរម្នាក់នៅប្រទេសចិន ជាអ្នកជួយឱ្យបានត្រលប់មកវិញ ក្រោយមកដល់ប្រទេសកម្ពុជា ជនរងគ្រោះបាន ប្តឹងទៅសមត្ថកិច្ចឱ្យតាមចាប់ជនជាប់ចោទ៕ ចេស្តា
...