កូរ៉េខាងជើងស្នើកូរ៉េខាងត្បូងឈប់សហការជាមួយអាមេរិក

ចែករំលែក៖

នៅមុនកិច្ចពិភាក្សារវាងរដ្ឋាភិបាលទីក្រុងសេអ៊ូលនិងទីក្រុងព្យុងយ៉ាង ដែលត្រូវធ្វើឡើងនៅថ្ងៃទី៩ខែមករាខាងមុខ ប្រពន្ធ ផ្សព្វផ្សាយកូរ៉េខាងជើង បានអំពាវនាវដល់កូរ៉េខាងត្បូងឈប់សហការជាមួយអាមេរិក ក្នុងការទប់ទល់ជាមួយកូរ៉េខាងជើង។

កាលពីថ្ងៃទី៧ខែមករា ប្រព័ន្ធផ្សព្វ​ផ្សាយបានបញ្ជាក់ថា ការពឹងផ្អែកទៅខាងក្រៅនឹងធ្វើឲ្យស្ថានភាព កាន់តែស្មុគស្មាញ ថែមទៀត មិនអាចដោះស្រាយបានឡើយ។ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ក៏បានប្រកាសផងដែរថា ចាំបាច់ត្រូវតែដាក់អតីតកាលទុកមួយឡែក ដើម្បីកែទម្រង់ ទំនាក់ទំនងទ្វេភាគី។

ជាមួយគ្នានេះនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេបានអបអរសាទរដល់ កិច្ចពិភាក្សាឧបទ្វីបកូរ៉េ ប៉ុន្តែលោកបញ្ជាក់ថារាល់កិច្ចព្រមព្រៀង នឹងគ្មានតម្លៃនោះឡើយប្រសិនបើកូរ៉េខាងជើង នៅតែបន្ត កម្មវិធីបរមាណូ និងមីស៊ីលរបស់ខ្លួននោះ។

ចំណែក ប្រធានក្រុមចរចា របស់ចិនស្តី ពីបញ្ហានុយក្លេអ៊ែរ របស់កូរ៉េខាងជើងបានស្វាគមន៍ការវិវត្ត វិជ្ជមាននៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីកូរ៉េទាំងពីរបានយល់ព្រមធ្វើកិច្ច ចរចានៅសប្តាហ៍ ក្រោយ ដើម្បីពិភាក្សាពីការចូលរួមរបស់កូរ៉េខាងជើង នៅក្នុង ព្រឹត្តិការណ៍ អូឡាំពិករដូវរងា ដែលនឹងត្រូវ ប្រារព្ធធ្វើឡើងនៅ ក្នុងប្រទេសកូរ៉េខាង ត្បូងនេះបើយោងតាម ការចុះផ្សាយ របស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃ ទី៥ ខែមករា ឆ្នាំ២០១៨។

ការកត់សម្គាល់នេះធ្វើឡើង នៅពេលចាប់ផ្តើមកិច្ចប្រជុំជាមួយសមភាគីកូរ៉េខាងត្បូងលោក Lee Do-hoon នៅពេលដែល បេសជនចិនរូបនេះ បានទៅដល់ក្រុង សេអ៊ូល សម្រាប់ដំណើរទស្សនកិច្ច រយៈ ពេល ២ថ្ងៃក្នុងអំឡុងពេលដែលលោកត្រូវជួបមន្ត្រីកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពី បញ្ហាកូរ៉េខាងជើង និងបញ្ហាដែលទាក់ទង គ្នាទៅវិញទៅមក។

លោកគង់បានលើកឡើងតាមរយៈ អ្នកបកប្រែម្នាក់ថា “បច្ចុប្បន្ននេះមានរឿង វិជ្ជមាន មួយចំនួន កំពុងលេចឡើងទាក់ ទងទៅនឹងស្ថានភាពនៅលើឧបទ្វីបកូរ៉េ បើទោះបីជាបញ្ហាប្រឈម នៅតែស្មុគ ស្មាញក្តី”។

ដោយឡែកអាមេរិកវិញ លោក Mike Pompeo នាយកទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ CIA បានអះអាងថា ការធ្វើអត្ថាធិ ប្បាយលើ Twitter នាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយការប្រៀបធៀបរវាងប៊ូតុងនុយក្លេអ៊ែរអាមេរិក នឹងកូរ៉េខាងជើងបង្ហាញ យ៉ាងច្បាស់ថា គោលនយោបាយអាមេ រិកបានធ្វើឱ្យ លោក គីម ជុងអ៊ុន យល់ព្រម ត្រឡប់ក្រោយ និងទទួលយកសំណើសុំ ចរចារបស់កូរ៉េខាងត្បូង។ នេះបើតាមការ ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០១៨។

កាលពីថ្ងៃអង្គារ សប្ដាហ៍មុន លោក ដូណាល់ ត្រំា បានសរសេរនៅលើ Twitter ថាលោកមានប៊ូតុងនុយក្លេអ៊ែរធំ និងខ្លាំង ជាងប៊ូតុងនុយក្លេអ៊ែរ របស់លោក គីម ជុងអ៊ុន ជាការឆ្លើយតបនឹងការព្រមានប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារលើ សហរដ្ឋអាមេរិក ពីសំណាក់ទីក្រុងព្យុង យ៉ាង។ ជុំវិញការលើកឡើងនេះដែរ លោក Pompeo យល់ថា ការអួតអាងរបស់លោក ត្រាំ បានបញ្ជាក់ពីគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោន មិនទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរ។

លោក Pompeo បានគូសបញ្ជាក់ដូច្នេះ ថា «គាត់ (លោក គីម ជុងអ៊ុន) កំពុងស្វែង រកកន្លែងឈរជើង ដើម្បីដើរត្រឡប់ក្រោយ… ហើយនៅពេលដែលគាត់យល់ថា វាជា ការគំរាមកំហែង គាត់នឹងព្យាយាមធ្វើ ឱ្យវា មានភាពស្ងប់ស្ងាត់។ ដូច្នេះអ្នកនឹងបានឃើញកាន់តែច្បាស់ថា រដ្ឋបាលមួយនេះនឹងមិនដើរតាមគន្លងរដ្ឋបាលមុនៗនោះទេ»។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងកូរ៉េខាង ជើង នឹងផ្ដើមជួបចរចាគ្នានៅម៉ោង ១០ ព្រឹក (ម៉ោងនៅក្នុងតំបន់) ថ្ងៃអង្គារស្អែក នេះនៅឯភូមិ Panmunjom ដើម្បីពិភាក្សា​គ្នាស្ដីពី ការបញ្ជូនអត្តពលិកកូរ៉េខាងជើង ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាពិករដូវរងារនៅទីក្រុង Pyeong Chang ប្រទេស កូរ៉េខាងត្បូង ពីថ្ងៃទី៩ ដល់ថ្ងៃទី២៥ ខែ​កុម្ភៈ ឆ្នាំ២០១៨៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print