ខេត្តកណ្ដាល ៖ នគរបាលស្រុកស្អាងធ្វើការបង្រ្កាបចាប់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មម្នាក់ ខណៈដែលជនសង្ស័យរូបនេះជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង១៤រសៀល ថ្ងៃ៩ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះ ស្ថិតក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ក្នុងប្រតិបត្ដិការបង្រ្កាបចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២០កញ្ចប់ និងឧបករណ៍សម្រាប់វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្ងួន វាសនា ហៅស្នា មានទីលំនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើនេះគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដឃុំក្រាំងយ៉ូវ ស្រុកស្អាង ដែលសមត្ថកិច្ចបានកំណត់និងតាមដានជាយូរមកហើយ តែពុំមានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកទៅលើជនសង្ស័យបានទេ លុះមកដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យឈ្មោះ ស្ងួន វាសនា ហៅស្នា កំពុងធ្វើការសកម្មភាពជួញដូរគ្រឿងត្រង់ចំណុចភូមិ/ឃុំកើតហេតុខាងលើ ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវ ចុះប្រតិបត្ដិការបង្រ្កាបត្រង់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្ងួន វាសនា ហៅស្នា រួចធ្វើការត្រួតពិនិត្យឆែកឆេរបានរកឃើញបានរកឃើញថ្នាំញៀនចំនួន២០កញ្ចប់តូច នៅនឹងខ្លួន រួចនាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ស្ងួន វាសនា ហៅស្នា បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ខាងលើនេះគឺជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញស្រ្ដីម្នាក់ មិនស្គាល់ឈ្មោះ នៅចោមចៅ រាជធានីភ្នំពេញ ក្នុងតម្លៃ៥សែនរៀល ដោយលក់យកមកឲ្យខ្លួនដល់ផ្ទះ ដើម្បីវ៉ិចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ៣ម៉ឺនរៀល ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ