ក្រសួងការងារជួយសង្គ្រោះស្ត្រីខ្មែរឥស្លាមម្រើការងារតាមផ្ទះម្នាក់ទៀតហើយ បន្ទាប់ពីបាត់ខ្លួនជាង១៣ឆ្នាំ នៅអារ៉ាប៊ីសាអូឌីត ព្រោះចេញទៅធ្វើការតាមរយៈក្រុមហ៊ុនមិនស្របច្បាប់

ចែករំលែក៖

ភ្នំពេញ៖  ពលការនីជនជាតិខ្មែរឥស្លាម ម្នាក់ ត្រូវបានសង្គ្រោះអោយបានត្រឡប់មកដល់កម្ពុជាវិញនៅព្រឹកថ្ងៃព្រហស្បតិ៏ ១០រោច ខែបុស្ស ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨  បន្ទាប់ពីត្រូវបានចាញ់បោកក្រុមហ៊ុនខុសច្បាប់ក្នុងស្រុកមួយបញ្ជូនទៅ បម្រើការងារជាស្រ្តីមេផ្ទះនៅអារ៉ាប៊ីសាអូឌីត ហើយបាត់ដំណឹងសូន្យឈឹង ជាង១៣ឆ្នាំមកហើយ  ។

តាមចម្លើយ ឲ្យដឹងពីស្ដ្រី ជនរងគ្រោះ ឈ្មោះ អេង ពៅ អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរឥស្លាមថា៖  ខ្ញុំទៅធ្វើការ នៅប្រទេស អារ៉ាប៊ីសាអូឌីត តាមរយៈក្រុមហ៊ុនរបស់ លោក អះម៉ាត់ យ៉ះយ៉ា អតីត រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា   តែឥឡូវលឺថា ត្រូវបាន ប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យឲ្យបញ្ចប់តំណែងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅហើយ ។

អ្នកស្រី អេង ពៅ  អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិស្វាយឃ្លាំង  ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ហើយត្រូវបានចាញ់បកក្រុមហ៊ុនមិនស្របច្បាប់អោយទៅបម្រើការងារជាស្រ្តីមេផ្ទះនៅអារ៉ាប៊ីសាអូឌីត តាំងពីឆ្នាំ២០០៤ មកម្លេះ។

តាមការបញ្ជាក់របស់ លោក សាឡុក ម៉ាន អាយុ ៦១ឆ្នាំ ត្រូវជាប្តី បានអោយដឹងថា  ដើម្បីជួយសង្គ្រោះដល់ប្រពន្ធ​ ដែល​ រងគ្រោះជាង១៣ឆ្នាំនេះលោកបានរិះរកមធ្យោបាយគ្រប់បែបយ៉ាងប៉ុន្តែគ្មានតំរុយទាល់តែសោះ ដែលកាលពីឆ្នាំ២០០៤នោះ រូបលោកក៏បានចេញទៅធ្វើការតាមក្រុមហ៊ុននោះដែរ នៅអារ៉ាប៊ីសាអូឌីត ជាអ្នកបើកបររថយន្ត​ ហើយ​នៅផ្សេងគ្នាពីប្រពន្ឋ តែក្រោយមកក៏បាត់ដំណឹងសូន្យឆឹង រហូតចប់កុងត្រា ក៏ត្រឡប់មកស្រុកខ្មែរវិញ ដើម្បីរកមធ្យោបាយជួយរកប្រពន្ធ ព្រោះកាលខ្លួននៅបម្រើការងារនៅប្រទេសនេះ គឺបានខំប្រឹងរកមធ្យោបាយជួយដែរតែគ្មានលទ្ធផល។ដោយមិនអស់ចិត្ត លោកឡុក ម៉ាន បានសន្សំប្រាក់ ចេញទៅធ្វើការនៅម្ចាស់ផ្ទះដដែល កាលពីឆ្នាំ២០១២​ ដើម្បីបន្តរុករកប្រពន្ធ ហើយទីបំផុតក៏ប្រទះឃើញប្រពន្ធ តាមការប្រឹងប្រែងមែន ប៉ុន្តែខ្លួនជាប្តីនៅតែគ្មានលទ្ឋភាពជួយ​សង្គ្រោះប្រពន្ធដដែល ព្រោះស្រ្តីរងគ្រោះជាប្រពន្ធគ្មានលិខិតឆ្លងដែន រឺឯកសារ លិខិតស្នាមអ្វីទាំងអស់  ។

លោក សាឡុងម៉ាន បានបន្ដថា៖  រូបលោកខំធ្វើការងារ ទាំងលំបាក ព្រោះអាណិតប្រពន្ឋកំសត់ ដែលកំពុងរស់នៅបម្រើគ្រួសារមួយគ្រាន់តែចិញ្ចឹមក្រពះ ទន្ទឹងរងចាំវាសនាថាតើថ្ងៃណាទើបខ្លួនត្រូវបានសង្គ្រោះវិញ ខណៈ ខ្លួនជាប្តីបានត្រឹមតែលួចទៅជួបប្រពន្ធម្តងម្កាលតែប៉ុណ្ណោះ ហើយអូសបន្លាយពេលរហូត៥ឆ្នាំក្រោយ គឺកាលពីខែកម្ភៈ  ឆ្នាំ២០១៧ ទើបសម្រេចលាចាកប្រពន្ធមកស្រុកខ្មែរដើររកជំនួយបន្តទៀត។

លោក ឡុកម៉ាន បានបញ្ជាក់ដែរថា៖ ក្នុងនាមជាប្តី លោក មិនសុខចិត្តជាមួយនឹងទង្វើដែលក្រុមខាងលើបានធ្វើបែប​ នេះដាក់គ្រួសារ មិនតែប៉ុណ្ណោះ ក្រៅពីការមិនបានទទួល ប្រាក់ខែ រយៈពេល១៣ឆ្នាំ លោកក្នុងនាមជាប្តីក៏បានចំណាយទាំងពេលវេលា និងថវិកាមិនតិចម៉ឺនដុល្លារ ឡើយដើម្បីពុះពាររកប្រពន្ធរបស់ខ្លួន។  បន្ទាប់ពីមានការណែរនាំពីមន្រ្តីនៅតាមមូលដ្ឋាន អោយមកទំនាក់ទំនងសុំអន្តរាគមន៍ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទើបចុងក្រោយនេះក៏សម្រេចចិត្តដើម្បីសុំជួបនិងអន្តរាគមន៍ពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ​និង ជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងជាពិសេស មានកិច្ចអន្តរាគមន៍យ៉ាងខ្លាំងផងដែរ ដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះប ណ្តាល វិជ្ជាជីវៈ សហការ នឹងក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ ដែលមានស្ថានទូតព្រះរាជា​ណាចក្រកម្ពុជាប្រចាំនៅ សាធារណៈរដ្ឋអេហ្សីប មាន លោក ស្មាន ម៉ាណាន ជាឯកអគ្គរាជទូត គឺភាគីក្រសួងទាំងពីរបានស្វះស្វែង និងអន្តរាគមន៍ជាមួយភាគីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត និងសង្គ្រោះស្រ្តីរងគ្រោះខាងលើ បានសម្រេចជាស្ថាពរ និងបានវិលត្រឡប់មកជួបក្រុមគ្រួសារវិញនៅព្រឹកថ្ងៃទី១១  ខែមករា ឆ្នាំ២០១៨នេះហើយ។

នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ស្ត្រីរងគ្រោះ ឈ្មោះ អេង ពៅ បានបញ្ជាក់អោយដឹងថា ក្នុងកំឡុងពេលជាង១៣ឆ្នាំមកនេះ គឺខ្លួនមិនដែលបានទទួលប្រាក់បៀវត្សនោះឡើយ ហើយក៏មិនដែលមានតំណាងភាគីក្រុមហ៊ុនដែលបញ្ចូនខ្លួនគាត់ទៅ មកទាក់ទង សួរនាំពីការបាត់ខ្លួនរបស់គាត់ទេនិយាយរួម វាគឺជាការបោកប្រាស់ យកពលករទៅលក់ចោលសុទ្ឋសាត ដែលក្នុងនាមជនរងគ្រោះមិនសុខចិត្តនូវទង្វើទុច្ចរិតមួយនេះ ដែលបានបៀតបៀនដល់ខ្លួនគាត់ ដល់គ្រួសារ ហើយបង្កការ ខាតបង់យ៉ាងច្រើនដល់សេដ្ឋកិច្ចគ្រួសាររបស់គាត់ ជាពិសេសគឺបានធ្វើអោយគាត់ព្រាត់ប្រាស់គ្រួសារប្តីនិងកូនៗ រួមជាមួយសាច់ញាតិផងដែរ។ ទាំងស្រ្តីរងគ្រោះ និង ក្រុមគ្រួសារ បានអំពាវនាវ អោយ​អជ្ញារធរមានសមត្ថកិច្ច សូមមេត្តាជួយរកយុត្តិធម៌ជូនគ្រួសារគាត់ផង ជាពិសេសគឺទទូចស្នើអោយធ្វើយ៉ាងណា ដោះស្រាយអោយជនបង្កហេតុ មកទទួលខុត្រូវលើទង្វើនេះផងដែរ។

សូមបញ្ជាក់ថា  នេះជាស្រ្តីរងគ្រោះទី២ហើយ ដែលត្រូវបានចាញ់បោក្រុមហ៊ុនតែមួយខាងលើ ហើយ ត្រូវបានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេសកម្ពុជាបានផ្តល់អន្តរាគមន៍សង្គ្រោះអោយបានមកដល់កម្ពុជាវិញ ខណៈស្រ្តីរងគ្រោះទី១ ឈ្មោះ ម៉ាត់ សាណាស់ ហៅ(រ៉ទស់)   ក៏ជួបបញ្ហាដូចគ្នា ដែលត្រូវបានក្រសួងទាំងពីរខាងលើ អន្តរាគមន៍អោយបានត្រឡប់មកកម្ពុជាវិញដោយសុវត្ថិភាពកាលពី ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៧ ។

តាមការទម្លាយអោយដឹងពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថា នៅមានស្ត្រីរងគ្រោះជាច្រើននាក់ទៀត កំពុងបាត់ខ្លួនកំឡុងពេលជាង១០ឆ្នាំ ខណៈខ្លះទៀតកំពុងទាក់ទងសុំអន្តរាគមពីក្រសួងជាបន្តបន្ទាប់ ដែលអ្នកទាំងអស់គ្នាសុទ្ឋតែរងគ្រោះដោយការចាញ់បោកក្រុមហ៊ុនដដែលខាងលើ។

លោករដ្ឋលេខាធិការបានបន្តថាតាមពិតនៅអារ៉ាប៊ីសាអូឌីត មានពលករបរទេសដល់ទៅជាង១០លាននាក់ឯណោះ ដែលកំពុងបំពេញការងារដោយស្របច្បាប់ ហើយបានទទួលកម្រៃប្រាក់ឈ្នួលល្អសមរម្យ និងបានចូលរួមជួយជ្រោមជ្រែងសេដ្ឋកិច្ចគ្រួសារនិងប្រទេសនិមួយៗដែលបញ្ជូនពលករទាំងនោះ។តែដោយឡែកសម្រាប់ក្រុមហ៊ុនដែលមានបញ្ហាមិនស្របច្បាប់ទៅវិញ ដែលបានបង្កបញ្ហាស្មុគស្មាញ ដល់ពលករ ដល់ក្រសួងអជ្ញាធរមានសមត្ថកិច្ច និងសង្គមទាំងមូលផងដែរ។ ដើម្បីធានាសុវត្ថិភាពពលករកម្ពុជា លោករដ្ឋលេខាធិការក្រសូងការងារ បានអំពាវនាវដល់ពលរដ្ឋកម្ពុជា ដែលមានបំណងទៅបំពញការងារនៅក្រៅប្រទេស សូមផ្តោតសំខាន់ទៅលើក្រុមហ៊ុនណាដែលមានអជ្ញាបណ្ណត្រឹមត្រូវ ក្រុមហ៊ុនដែលមិនធ្លាប់លេចលឺបញ្ហាផ្សេងៗ  ៕   ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print