សាលាដំបូងរាជធានីភ្នំពេញគួររៀនសូត្រការបោះត្រាចូលពីតុលាការកំពូលនិងសាលាឧទ្ធរណ៍ដែលជាតុលាការជាន់ខ្ពស់ផងកុំឱ្យខុសគេតែឯង

ចែករំលែក៖

ភ្នំពេញ​ ៖​ ការបោះត្រាចូលនៅតុលាការកំពូល​និងសាលាឧទ្ធរណ៍ដែលជាតុលាការជាន់ខ្ពស់មានចុះថ្ងៃ ខែ ឆ្នាំនិងចុះម៉ោងត្រឹមត្រូវច្បាស់លាស់តែការបោះត្រាចូលនៅសាលាដំបូងរាជធានីភ្នំពេញដែលជាតុលាការជាន់ទាប បច្ចុប្បន្នមានចុះថ្ងៃ ខែ ឆ្នាំ តែពុំមានចុះម៉ោង បានបង្កឱ្យមានការសង្ស័យថា ចំណាត់ការបែងចែកសំណុំរឿងមិនតម្លាភាព និងគ្មានភាពយុត្តិធម៌ ស្តែងចេញជាភាពមិនប្រក្រតីពាក់ព័ន្ធនឹងលាភសក្ការៈ ឬ បក្ខពួក ហើយឈានដល់បង្កប់នូវអំពើពុករលួយ ពោលគឺសំណុំរឿងល្អៗត្រូវបែងចែកឱ្យក្រុមជំនិត របស់លោកតាំង ស៊ុនឡាយប្រធានសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកសំណុំរឿងមិនល្អត្រូវបែងចែក ឱ្យក្រុមដែលមិនស្និត​ ជាមួយប្រធានសាលាដំបូងរាជធានីភ្នំពេញ។

អ្នកសង្កេតការណ៍ម្នាក់ដែលប្រចាំការយកព័ត៌មាន នៅសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅអំឡុងពេលដែលលោក ជីវ កេង កាន់ដំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញជិត៩ឆ្នាំ ការបោះត្រាចូលមានចុះថ្ងៃ ខែ ឆ្នាំ ម៉ោង និង នាទី ត្រឹមត្រូវ ងាយស្រួលក្នុងការបែងចែកឱ្យចៅក្រមទទួលបន្ទុកតាមលំដាប់លេខរៀង ដោយពុំមានគិតពីសំណុំរឿងល្អ ឬ មិនល្អនោះទេ ពោលគឺមានតម្លាភាពនិង ភាពយុត្តិធម៌ដែលចៅក្រមទាំងអស់អាចទទួលយកបានទាំងអស់គ្នា។

បច្ចុប្បន្នការបោះត្រាចូលនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ (ខាងព្រះរាជអាជ្ញា) ក៏មានចុះថ្ងៃ ខែ ឆ្នាំ ម៉ោង និង នាទី ត្រឹមត្រូវ ដែរ។ ប៉ុន្តែនៅសាលាដំបូងរាជធានីភ្នំពេញវិញ(ខាងចៅក្រម) មានចុះថ្ងៃ ខែ ឆ្នាំ តែពុំមានចុះម៉ោងទេ។

ដោយឡែកនៅតុលាការកំពូលនិងសាលាឧទ្ធរណ៍ដែលជាតុលាការជាន់ខ្ពស់មានចុះថ្ងៃ ខែ ឆ្នាំនិងចុះម៉ោងត្រឹមត្រូវច្បាស់លាស់។ដូច្នេះសុំលោកតាំង ស៊ុនឡាយប្រធានសាលាដំបូងរាជធានីភ្នំពេញ​ គួរធ្វើការកែទម្រង់ការបោះត្រាចូលនេះឱ្យដូចនៅតុលាការកំពូលនិងសាលាឧទ្ធរណ៍ផងកុំឱ្យខុសគេ។

អ្នកសង្កេតការណ៍ដដែលបានអះអាងថា បណ្តឹងរដ្ឋប្បវេណីដូចជា ទាមទារប្រាក់ និង លែងលះជាដើម ដែលដាក់នៅលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ បោះត្រាចូល មានចុះថ្ងៃ ខែ ឆ្នាំ តែពុំមានចុះម៉ោងទេ ។ ចំណែកដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បោះត្រាចូល មានចុះថ្ងៃ ខែ ឆ្នាំ តែក៏ពុំមានចុះម៉ោងទេ។ រាល់សំណុំរឿងដែលបោះត្រាចូលរួចហើយ ត្រូវបញ្ជូនទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការបែងចែកទៅឱ្យចៅក្រមទទួលបន្ទុកចាត់ការសំណុំរឿងនេះ។

ចំពោះបញ្ហានេះបានធ្វើឱ្យមជ្ឈដ្ឋានអ្នកច្បាប់មួយចំនួនមានការសង្ស័យថា បង្កប់នូវភាពមិនប្រក្រតីដែលកើតចេញពីការបែងចែកសំណុំរឿងគ្មានតម្លាភាពនិងយុត្តិធម៌ ព្រោះនៅសាលាដំបូងរាជធានីភ្នំពេញ មានប្រធានមួយរូប អនុប្រធាន៥រូប និង ចៅក្រម៣៤រូប សរុប៤០រូប ដែលមានលំដាប់ចាប់ពីអក្សរ (ក) មក រហូតដល់គ្រប់ ៤០រូប។

ដូច្នេះការបែងចែកសំណុំរឿងពុំអាចធ្វើតាមលំដាប់អក្សរបានទេ ព្រោះមិនដឹងថាសំណុំរឿងណាមកមុន ឬ សំណុំរឿងណាមកក្រោយ ដោយសារតែពុំបានចុះម៉ោងត្រឹមត្រូវ។ ដូច្នេះប្រធានសាលាដំបូងរាជធានីភ្នំពេញ អាចបែងចែកសំណុំរឿងទៅឱ្យចៅក្រមរូបណាចាត់ការក៏បានដែរ ដោយពុំចាំ បាច់បែងចែកតាមលំដាប់អក្សរនោះទេ។

ការបែងចែកសំណុំរឿងបែបនេះ បានធ្វើឱ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ មួយចំនួនសម្តែងការមិនពេញចិត្តព្រោះមិនដែលបានសំណុំរឿងល្អៗយកមកចាត់ការទេ មានតែសំណុំរឿងគ្រឿងញៀនកំប៉ិកកំប៉ុក ចោរលួចចោរឆក់កំប៉ិកកំប៉ុក ទាមទារប្រាក់បន្តិចបន្តួច និងកែសំបុត្រកំណើតជាដើម តែមិនហ៊ានហាស្តីព្រោះខ្លាចក្រែងត្រូវមាត់លោកប្រធានស្តីបន្ទោស។ ចំណែកសំណុំរឿងល្អៗវិញ ឃើញតែចៅក្រម៤ ឬ ៥រូប ប៉ុណ្ណោះ មានវាសនាទទួល យកទៅចាត់ការជាបន្តបន្ទាប់ដោយរលូន ពុំមានរអាក់រអួលម្តងណាឡើយ ហើយសំណុំរឿង ល្អៗទាំងនេះ នៅតែបន្តហូរចូលជាបន្តបន្ទាប់ទៀត ដោយពុំមានអាក់ខានឡើយ។

ដោយមើលឃើញពីភាពមិនប្រក្រតី កើតឡើងជិត៣ឆ្នាំមកហើយនោះ មជ្ឈដ្ឋានអ្នក ច្បាប់ សំណូមពរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចុះមកពិនិត្យករណីនេះ ដើម្បីធ្វើការកែសម្រួលឡើងវិញអោយស្របតាមយុទ្ធ សាស្ត្រកំណែទម្រង់ប្រព័ន្ធតុលាការ និង ដើម្បីឱ្យសាលាដំបូងរាជធានីភ្នំពេញ ដែលជា កន្លែងរកយុត្តិធម៌ឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក៏គួរមានយុត្តិធម៌សម្រាប់ស្ថាប័នខ្លួនឯងដែរ ព្រោះគ្រាន់តែរឿងបែងចែកសំណុំរឿងប៉ុណ្ណឹងគ្មានភាពយុត្តិធម៌ទៅហើយនោះ តើអាចរកយុត្តិធម៌ឱ្យអ្នកណាបាន៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print