ខេត្តកណ្តាល ៖ ប្រភពព័ត៌មានបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ថា ពេលនេះប៉ូលិសចរាចរណ៍ខេត្តកណ្តាល នៅពុំទាន់ចាប់ខ្លួនអ្នកបើកបររថយន្តម៉ាក LANG ROVER ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2U-6977 ឈ្មោះ សោម រតនៈ បាននៅឡើយទេ ក្រោយបង្កគ្រោះថ្នាក់ចរាចរស្លាប់មនុស្សបីនាក់នៅក្រុងតាខ្មៅ។
ថ្មីៗនេះនគរបាលខេត្តកណ្តាល សហការជាមួយនគរបាលចរាចរណ៍ខណ្ឌមានជ័យនិងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ ចុះទៅទីស្នាក់ការភូមិទ្រាទី១ ដើម្បីឆែករកឈ្មោះ សោម រតនៈ ដែលកម្លាំងបានរកឃើញតាមប្រព័ន្ធគ្រប់គ្រងយានយន្តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ។ ប៉ុន្តែមិនមានឈ្មោះនេះ ក្នុងមូលដ្ឋាននោះទេ ។
ប្រភពព័ត៏មានបានអះអាងថា សមត្ថកិច្ចនឹងចាត់បញ្ជូនមន្ត្រីជំនាញទៅសហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកអាសយដ្ឋានរបស់ឈ្មោះ សោម រតនៈ ។
អ្នកច្បាប់មួយរូបសុំមិនបញ្ចេញឈ្មោះបានថ្លែងថា: ជនបង្ករឈ្មោះសោម រតនៈ ប្រឈមបទល្មើស រត់គេចពីការទទួលខុសត្រូវ តាមមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ និងបទបើកបរដោយធ្វេសប្រហែស បណ្ដាលឱ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ និងមាត្រា៥៣ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
សូមជម្រាបថា: យុវជនបីនាក់ បានខ្ទាតផ្លោងធ្លាក់ផ្លូវស្លាប់ភ្លាមៗ ក្រោយពេលរថយន្ត LANG ROVER បុកអូសជាង១០០ម៉ែត្រ កាលពីវេលាម៉ោង៦៖១០នាទី ល្ងាចថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០១៨ នៅជិតវិទ្យាល័យខ្ពបវែង ស្ថិតក្នុងក្រុងតាខ្មៅ។
មុនពេលកើតហេតុ មានរថយន្តស៊េរីទំនើបមួហគ្រឿង ម៉ាក LANG ROVER ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2U-6977 បើកបរល្បឿនលឿនដូចហោះ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ បានជែងម៉ូតូមួយគ្រឿង ម៉ាក ហុងដា MSX ពណ៌ខ្មៅលាយស អត់ផ្លាកលេខ ។ ប៉ុន្តែមិនផុតក៏ជ្រុលបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនបីនាក់ ខ្ទាតផ្លោងធ្លាក់ចេញពីផ្លូវស្លាប់ម្នាក់ភ្លាមៗ និងពីរនាក់ទៀត បានដាច់ខ្យល់ស្លាប់ពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ។ ដោយឃើញហេតុការណ៍មិនស្រួល អ្នកបើកបររថយន្តបង្ក បានបន្ថែមល្បឿនបើករត់គេចខ្លួនតាមផ្លូវលេខ១១៥ លុះដល់ស្តុបជិតកាកបាទក្រហមខេត្តកណ្ដាល ក៏បានប្លុងរថយន្តចោល រួចអ្នកបើកបរបានចុះរត់គេចខ្លួន៕ ឆ ដា