ខេត្តកណ្តាល ៖ មុខសញ្ញាលក់គ្រឿងញៀនយ៉ាងសកម្មម្នាក់ប្រចាំស្រុកស្អាង បានត្រូវលោក ហុក វ៉ាន់ធីណា ចៅក្រមសើុបសួរ និងជាប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន ពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” ដែលប្រព្រិត្តនៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល កាលពី ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៨ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនត្រូវចោទមានឈ្មោះ ស្ងួន វាសនា ហៅ ស្នា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន ទីលំនៅបច្ចុប្បន្ន ភូូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
សូមជម្រាបថា: នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានពត៍មានពីប្រជាពលរដ្ឋល្អថា មានករណី ជួញដូរគ្រឿងញៀន នៅចំណុចភូមិ តាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ បានទៅដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ស្ងួន វាសនា ហៅស្នា បានរកឃើញម្សៅក្រាបពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ២០កញ្ចប់តូច នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ស្ងួន វាសនា ហៅស្នា បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន១កញ្ចប់ធំ ខ្លួនបានទិញពីស្រីម្នាក់ មិនស្គាល់ឈ្មោះ នៅចោមចៅ រាជធានីភ្នំពេញ តម្លៃ៥០,០០០០៛ យកមកអោយខ្លួនដល់ផ្ទះ ដើម្បីវ៉ិចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ៣ម៉ឺនរៀល៕ ឆ ដា