សិស្សប៊ែលធី​៨នាក់វិលត្រឡប់មកពីសិក្ខាសាលាអាស៊ានបូក៣ផ្នែកវិទ្យាសាស្ត្រលើកទី៩ នៅប្រទេសកូរ៉េខាងត្បូង

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ សិស្ស ប៊ែលធីចំនួន ៨នាក់ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញបន្ទាប់ពីបានចំណាយពេល ៧ថ្ងៃ ក្នុងការចូលរួមកម្មវិធី សិក្ខាសាលា គ្រូបង្រៀន អាស៊ានបូក៣ លើកទី៩ និងការបោះជំរំសិស្សស្នាដៃពិសេសផ្នែកវិទ្យាសាស្ត្រ(​9th ASEAN Plus Three Teacher Workshop and Student Camp for the Gifted in Science) នៅប្រទេសកូរ៉េខាងត្បូងប្រកបដោយជោគជ័យ។ ការ​បោះ​ជំរំជាអន្តរជាតិនេះ មានយុវ​ជន​ ៨១នាក់ មកពីប្រទេស កម្ពុជា កូរ៉េ ចិន ឥណ្ឌូណេស៊ី ឡាវ ហ្វ៊ីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម។

ក្នុងឱកាសនោះដែរ លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេសទូទៅ នៃសាលា ប៊ែលធី អន្តរជាតិបានឲ្យដឹងថា៖ដោយសារសាលាបានកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម(STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។ ទើប ក្រសួង អប់រំ យុវជន និងកីឡា មានទំនុកចិត្ត និងបានផ្តល់ឱកាសដល់សាលា ប៊ែលធី អន្តរជាតិឲ្យបញ្ជូនសិស្សចំនួន ៨នាក់ ទៅចូលរួមកម្មវិធីសិក្ខាសាលា គ្រូបង្រៀន អាស៊ានបូក៣ លើកទី៩ និងការបោះជំរំសិស្សស្នាដៃពិសេសផ្នែកវិទ្យាសាស្ត្រលើកទី៩។ ក្នុងកម្មវិធីនេះ បានបង្កលក្ខណៈឲ្យសិស្សដែលចូលរួមទាំងអស់ បានជជែក​ពិភាក្សាគ្នាជាក្រុម ដើម្បីស្រាវជ្រាវបង្កើនចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និង ចែករំលែកទៅក្រុមដ៏ទៃ ឬជាតិសាសន៍ដ៏ទៃ ដែលធ្វើ​ឲ្យប្អូន​ទទួលបានចំណេះដឹងបន្ថែមជាច្រើន មានសាមគ្គីភាព និងបង្កើតមិត្តភាពនៅក្នុងចំណោមសិស្សអាស៊ានបូក៣ទាំងអស់។ ហើយយកចំណេះដឹងនិងបទពិសោធន៍ទាំងនេះ មកចែករំលែកដល់សិស្សដែលកំពុងសិក្សានៅសាលាផងដែរ។ ហើយជាលទ្ធផល សិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិបានទទួលមេដាយមាស ចំនួន១ ប្រាក់ ចំនួន៣ និងសំរិទ្ធ ចំនួន៤។

បន្ទាប់មកសិស្ស​ឈ្មោះ ឡូវ មុយងី ថ្នាក់ទី១១ សាខាទី៣ បានលើកឡើងថា ក្នុងកម្មវិធីនេះ ប្អូនបានទទួល​នូវចំណេះដឹង និងការ​អនុវត្តជាក់ស្តែងជាច្រើន ផ្នែកវិទ្យាសាស្ត្រ ជាមួយសិស្សទាំង ១0ប្រទេស តាមរយៈការធ្វើបទបង្ហាញ​អំពីស្ថាបត្យកម្មនៅក្នុងប្រទេសនីមួយៗ ការសិក្សាស្វែងយល់ពី រលកសំលេង ការធ្វើម្ហូបអាហារស្តង់ដាកូរ៉េ ការសាងសង់​ផ្ទះ​បែបប្រពៃណី និងបែបទំនើប មិនប៉ះពាល់ដល់បរិស្ថាន ការផលិតសាប៊ូធម្មជាតិ ដែលជំនួយដល់ស្បែក និងការពិសោធន៍ពិនិត្យរកសារធាតុគីមីក្នុងផ្លែឈើជាដើម ដែលការសិក្សាស្វែងយល់ទាំងនោះ​ សុទ្ធតែត្រូវ​បានធ្វើបទបង្ហាញ​ដោយគ្រូជនជាតិកូរ៉េ និងភាគច្រើនឲ្យសិស្សប្រើប្រាស់សម្ភារពិសោធន៍ ដើម្បីអនុវត្តជាក់ស្តែង។

ជាមួយគ្នា​នោះ សិស្សឈ្មោះ ធាង​ គឹមធាន ថ្នាក់ទី១១ សាខាទី៩ បាន​និយាយ​ឲ្យ​ដឹងថា ប្អូន​មាន​អារម្មណ៍​ថាវា​ថ្មី​សម្រាប់​ប្អូន ដែលមានឱកាសចូលរួម និងបានធ្វើបទបង្ហាញ អនុវត្តជាក់ស្តែង​លើ​ទ្រឹស្តី បង្កើតការច្នៃប្រឌិតផលិតសម្ភារៈ និងបានចុះទស្សនកិច្ចសិក្សានៅតាមទីកន្លែងជាក់ស្តែង ទៅកំសាន្តរមណីដ្ឋានសំខាន់ៗ ដូចជា៖ សារៈមន្ទីរជាតិក្រុងសេអ៊ូល ដែលគេអាចសិក្សាអំពីវត្ថុបុរាណ និងវប្បធម៌របស់​ជនជាតិកូរ៉េ។ ក្រុមហ៊ុនសាំស៊ុង ផលិតនូវសម្ភារ​បច្ចេកវិទ្យាជាច្រើនប្រភេទ ដែលជាក្រុមហ៊ុនដ៏ធំមួយ តាំងពីឆ្នាំ១៩៦៩។ សួនកម្សាន្តអេវ័រលែន ដែលជាកន្លែងលេងកម្សាន្ត​គួរឲ្យ​ចាប់​អារម្មណ៍​ជាច្រើន និងបានទៅលេងអគារពាណិជកម្មឡូតែថោវ័រ ដែលជាអគារខ្ពស់ជាងគេទី៥ លើពិភពលោក​ វាជា​ស្ថាបត្យកម្ម​ដ៏ប្រណិតនៅប្រទេសកូរ៉េ។ ជាចុងក្រោយប្អូន​បានគោរព​ថ្លែងអំណរគុណដល់​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ក៏ដូចជា​លោក លី ឆេង ដែល​បាន​ផ្តល់ឱកាសឲ្យពួកគេបានចូលរួមកម្មវិធីដ៏មានន័យនេះ​៕ ស រស្មី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print