ភ្នំពេញ៖ បុរសម្នាក់ជាសន្តិសុខយាមម៉ូតូនិងរថយន្តនៅភោជនីយ៏ដ្ឋានយីហោ” ហ្វូលមូន” បានស្គាល់ភ្ញៀវម្នាក់ដែលចូលទៅផឹកស៊ីក្នុងហាងនោះ និងខំទុកចិត្តហៅមកផឹកជាមួយពេលភ្ញៀវស្រវឹងជោកជាំបានឆ្លៀតឱកាសលួចម៉ូតូ និងទូរស័ព្ទដៃ គេចខ្លួនបាត់បាន៦ថ្ងៃក្រោយមកត្រូវកម្លាំងនគរបាលខណ្ឌទួលគោកធ្វើការឃាត់ខ្លួន ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រហែល ១១និង៥០នាទីព្រឹក នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវ នឹងថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៨ ដោយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ លួច ( លួចម៉ូតូ និងទូរស័ព្ទដៃ ) ឃាត់ខ្លួននៅចំណុចផ្លូវលេខ១៩២ ក្រុមទី៧ ភូមិ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១រសៀល នៅចំណុចភោជនីយ៏ដ្ឋាន ហ្វូលមូនដែលមានទីតាំងដីឡូត៍លេខ ២៥ ផ្លូវលេខ២២៥ ក្រុម ទី១០ ភូមិ ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សេន ដូច ហៅ ដូច ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ យាមកង់-ម៉ូតូ នៅភោជនីយ៏ដ្ឋាន ហ្វូលមូន ស្នាក់នៅបណ្ដោះអាសន្ន ភោជនីយ៏ដ្ឋាន ហ្វូលមូន ដែលមានទីតាំងដីឡូត៍លេខ ២៥ ផ្លូវ លេខ២២៥ ក្រុមទី១០ ភូមិ ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។វត្ថុតាងចាប់យក ៖ ម៉ូតូមួយគ្រឿងម៉ាក Honda Wave 100 ស៊េរី2011 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-6314 មានលេខតួ 0833958 និងលេខម៉ាស៊ីន 022962 (ចាប់ពីយកឈ្មោះ សេន ដូច ជារបស់ជនរងគ្រោះ ) បានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះឈ្មោះ គី ណូរ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខE១៥ ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់មាន៖ -ទូរស័ព្ទដៃមួយគ្រឿងម៉ាក Samsung Not3 ប្រើស៊ីមលេខ012 912 550 ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌទួលគោក បានឲ្យដឹងថាមុនថ្ងៃកើតហេតុ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១០ព្រឹក ជនរងគ្រោះឈ្មោះ គី ណូរ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូម៉ាក Honda Wave 100 ស៊េរី2011 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-6314 មកផឹកស៊ី នៅភោជនីយ៏ដ្ឋាន ហ្វូលមូន តែម្នាក់ឯង លុះពេលមកដល់ជនរងគ្រោះក៏បានអង្គុយផឹកស្រាបៀរអាន់ឆ័រ តែឯងហើយក៏បានហៅជនសង្ស័យឈ្មោះ សេន ដូច ហៅ ដូច ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាសន្តិសុខយាមកង់-ម៉ូតូ នៅក្នុងហាង ហ្វូលមូន មកផឹកជាមួយ លុះរហូតដល់ម៉ោងប្រហែល ១រសៀលថ្ងៃដដែរ ឆ្លៀតពេលដែលជនរងគ្រោះមានសភាព ស្រវឹងស្រា បានទុកកូនសោរម៉ូតូខាងលើ និងទូរស័ព្ទដៃមួយគ្រឿងម៉ាក Samsung Not 3 នៅលើតុ ស្រាប់តែជនសង្ស័យឈ្មោះ សេន ដូច ហៅ ដូច ក៏ធ្វើសកម្មភាព លួចម៉ូតូ និងទូរស័ព្ទដៃ របស់ជនរងគ្រោះហើយគេចខ្លួនបាត់ ។
ក្រោយកើតហេតុជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ឲ្យសមត្ថកិច្ចយើងជួយស្រាវជ្រាវ ចាប់ជនល្មើស លុះមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១១និង៥០នាទីព្រឹក សមត្ថកិច្ចក៏បានឃើញជនសង្ស័យឈ្មោះ សេន ដូច ហៅ ដូច កំពុងជិះម៉ូតូរបស់ជនរងគ្រោះខាងលើ នៅចំណុចផ្លូវ លេខ១៩២ ក្រុមទី៧ ភូមិ២ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់ តែម្ដង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ សេន ដូច ហៅ ដូច កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ស តារា