ឪពុកម្ដាយរបួស ឯកូនប្រុសស្លាប់យ៉ាងរន្ធត់ដោយសាររថយន្តច្នៃធ្លាក់ស្នាមភ្លោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋស្រុកវាលវែងបានឲ្យដឹងថា ចាប់តាំងពីស្ថាបនាផ្លូវជាតិ លេខ៥៥រួចរាល់មកនេះ គេសង្កេតឃើញមានមនុស្សរងរបួស និងស្លាប់ជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ ជាក់ស្ដែងនៅវេលាម៉ោង១២ និង៣០នាទីថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ដដែលនេះ ត្រង់ចំណុចមុខផ្ទះឈ្មោះ គ្រូថា ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយធ្លាក់ចូលស្នាមភ្លោះខ្លួនឯង បណ្ដាលឲ្យរបួសធ្ងន់ស្រាលឪពុកម្ដាយរីឯកូនប្រុសស្លាប់យ៉ាងរន្ធត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងឲ្យដឹងថា នៅម៉ោងខាងលើមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តកែច្នៃ ១គ្រឿងដែលមិនបានបញ្ជាក់អំពីទិសធ្វើចរាចរណ៍ លុះមកដល់ចំណុចកើតហេតុបានគាំងចង្កូតជ្រុលធ្លាក់ចូលស្នាមភ្លោះ បណ្ដាលឲ្យរបួសធ្ងន់ស្រាល និងស្លាប់ទាំងគ្រួសារតែម្ដង ទី១ ឈ្មោះ ទន់ ប៊ុនទី ភេទប្រុស ៤៥ឆ្នាំ ជនជាតិខ្មែរ(របួសស្រាល)ទី២ ឈ្មោះ មុំ ថារី ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ(របួសធន់) និងទី៣ ឈ្មោះ ប៊ុន កុម្ភៈ ភេទប្រុស ៧ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូន បញ្ជូនដល់មណ្ឌលសុខភាពប្រម៉ោយ(ស្លាប់) ឪពុកម្ដាយ និងកូនរងគ្រោះ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តទៀតថា ក្រោយកើតហេតុគេបានជនរងរបួសទៅសង្រ្គោះភ្លាមៗផងដែរ តែជាអកុសល់កូនប្រុសបានស្លាប់បាត់បង់ជីវិតពេលដល់មណ្ឌលសុខភាព ចំណែកស្រ្តីជាម្ដាយត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក៖ វត្ថុតាងរថយន្តកែច្នៃនៅនឹងកន្លែងកើតហេតុនៅឡើយ៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print