ភ្នំពេញ៖ ក្រោយពីមានព័ត៌មានថា ជនត្រូវចោទ ២នាក់ ដែលត្រូវបាន សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ឃាត់ខ្លួន និងត្រូវតុលាការចេញដីកា ឃុំខ្លួនកាលពីពេលថ្មី បានប្រើឈ្មោះ ជាកងអង្គរក្ស សម្តេច តេជោនោះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ ចារុណ មេបញ្ជាការរង កងអង្គរក្ស សម្តេច តេជោ ហ៊ុន សែន បានអះអាងថា ជនត្រូវចោទ ទាំង២នាក់នោះ មិនមែន ជាមន្ត្រីកងអង្គរក្សឡើយ។
លោក ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ជនត្រូវចោទទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ គ្មានឈ្មោះ ជាមន្ត្រីនៅបញ្ជាការដ្ឋានកងអង្គរក្ស របស់សម្តេច តេជោ ហ៊ុន សែន នោះទេ។
លោក ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា មន្ត្រីកងអង្គរក្ស មានតួនាទី ការពារ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ មិនមែន ជាមនុស្សដែលដើរទៅបោកប្រាស់ប្រជាពលរដ្ឋនោះទេ។
លោក ឧត្តមសេនីយ៍ឯក សុខ ចារុណ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ជួយរាយការណ៍ជូនអាជ្ញាធរមានសត្ថកិច្ច ប្រសិនបើមានជនណា ហ៊ានយកតួនាទីជាកងអង្គរក្ស ទៅប្រើប្រាស់ ដោយខុសច្បាប់ និងខុសពីការតព្វកិច្ចរបស់ខ្លួន ពោលគឺដើរបោកប្រាស់ ប្រជាពលរដ្ឋស្លូតត្រង់ ដើម្បីប្រយោជន៍ទុច្ចរិតផ្សេងៗ ព្រោះទង្វើបែបនេះជាការធ្វើឱ្យបះពាល់ដល់ ស្ថាប័នកងអង្គរក្ស យ៉ាងធ្ងន់ធ្ងរ និងមិនអាចលើកឱ្យបាននោះទេ។
សូមបញ្ជាក់ថា ជនត្រូវចោទទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅផ្ទះលេខ ១៤៦ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចៅក្រមស៊ើប នៃសាលាដំបូងរាជធានីភ្នំពេញ ២រូប បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។
ដោយលោក សេង លាង លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កន្លងទៅ បានសម្រេចចេញដីកាបង្គាប់ឱ្យមន្ត្រីពន្ធនាគារឃុំខ្លួន ជនត្រូវចោទទាំង ២នាក់ ខាងលើពីបទ ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោក ដែលបានប្រព្រឹត្តអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ចំណែក លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទ ទាំង២នាក់ខាងលើ ពីបទ ឆបោក យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនត្រូវចោទទាំង ២នាក់ខាងលើនេះកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយធ្វើឡើងតាមដីកា បង្គាប់ឱ្យនាំខ្លូន លេខ ១០០៦ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និង ដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១០០៧ “ឃ១” ដ.ច.ន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ របស់លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆបោក ប្រាក់កក់របស់ដើមបណ្តឹងចំនួន ៥០,០០០ដុល្លារ យកទៅទិញដីចំនួន ៦០០០ហិកតា នៅក្នុងខេត្តកំពត តែគ្មានដីឱ្យដើមបណ្តឹង៕ អារុណរៈ