ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចកិច្ចចម្រុះស្រុកភ្នំក្រវាញប្រមាណជិត ៣០នាក់បន្តចុះកម្ទេចផ្ទះប្រជាពលរដ្ឋនៅតំបន់ហាមឃាត់ និងឡធ្យូងអនាធិបតេយ្យ ខណៈតំបន់ខាងលើត្រូវបានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ សន្យាដោះដូរដីជូនពួកគាត់ប៉ុន្តែនៅមិនទាន់បានដោះស្រាយនៅឡើយនោះ ស្រាប់តែ មានអ្នកថ្មីមកបោះទីតាំងបន្ថែមទៀត ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃអង្គារ៍ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចវាល១ វាល២ ស្ថិតក្នុងភូមិអង្រ្កង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចម្រុះចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានកម្ទេចឡធ្យូងចំនួន១០ឡរុះរើផ្ទះចំនួន ៤ខ្នង និងបានធ្វើការអប់រំដល់ពួកគាត់ដោយមានកិច្ចសន្យាផងដែរ ។ សូមបញ្ជាក់ផងដែរថានេះជាផ្ទះប្រជាពលរដ្ឋថ្មីផ្សេងទៀតពីប្រជាពលរដ្ឋចាស់ចំនួន ៩៥គ្រួសារ ដែលធ្លាប់បានធ្វើកិច្ចសន្យាដោះដូរទីតាំងរស់នៅ ប៉ុន្តែមិនទាន់បានដោះស្រាយអ្នកចាស់នៅឡើយផង ។ ស្រាប់តែលេចមុខអ្នកថ្មីៗផ្សេងៗមកបោះទីតាំងបែបនេះទៀត។
គួររំលឹកបន្ថែមទៀតថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅតំបន់ដីព្រៃដៃគូសំរោង ត្រង់ចំណុចវាល១ និងវាល២ ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ខាងលើនេះ លោក អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធនានា និងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធ បានចុះវះកាត់ដំបៅមហារីកវិវាទយកដីព្រៃ(ដីព្រៃដៃគូសំរោង)នេះ ដែលបានកើតមានជាយូរមកហើយបើទោសសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធចុះទប់ស្កាត់ ។
ក្រោយសារព័ត៌មានក្នុងស្រុកបានចេញផ្សាយជាញឹកញាប់មកនោះ ជាលទ្ធផល៖ គេមើលឃើញ និងរកឃើញផ្ទៃដីវាលដែលរងការឈូសឆាយព្រៃច្រើនហិកតា មានដំណាំហូបផ្លៃដូចជា.ចេក.ល្ហុង។ល។ និងដំណាំកសិកម្មដូចជា.សណ្ដែក.ពោត.ដំឡូងជាដើម មានផ្ទះតូចធំ មានពលរដ្ឋស់នៅរាយប៉ាយសរុបប្រមាណចំនួន៩៥គ្រួសារ ក្នុងនោះមាន៧០គ្រួសារ មកពីតាមបណ្ដាស្រុកនានានៃខេត្តពោធិ៍សាត់ និងចំនួន ២៥គ្រួសារផ្សេងទៀតមកពីខេត្តផ្សេងៗដូចជា ខេត្តប៉ៃលិន ,បន្ទាយមានជ័យ ,បាត់ដំបង,កំពត និងកណ្ដាលផងដែរ។
ប្រភពព័ត៌មានខាងលើបន្តថាក្នុងនោះត្រូវបានគេដឹងដែរថា ប្រជាពលរដ្ឋទាំងអស់ពួកគាត់បានមកស្នាក់នៅ និងកាប់រុករានដីព្រៃនេះ តាមរយៈមេខ្យល់ឬមកសំណាក់ស្នាក់នៅដើម្បីអារឈើ ។ ដល់យូរៗទៅក៏យជារុករានធ្វើកម្ម សិទ្ធិផ្ទាល់ខ្លួនបែបនេះ ។ ក្នុងនោះដែរក៏អាចមានជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរខ្លះៗផង រួមទាំងមានមនុស្សធ្លាប់ជាប់ពន្ធនាគារទៀតផងដែរ។
ដូច្នេះបញ្ហាខាងលើនេះ ទើបលោក អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សម្រេចវះកាត់ដោយតម្រូវឲ្យប្រជាពលរដ្ឋចំណាកស្រុកទាំង២៥គ្រួសារ មកពីតាមបណ្ដាខេត្តនានាខាងលើ ចាប់ផ្ដើមរុះរើផ្ទះសម្បែងពីពេលនេះរហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ។ បើពុំដូច្នេះទេនឹងអនុវត្តច្បាប់តាមនីតិវិធី ។ ចំណែកប្រជាពលរដ្ឋចំនួន ៧០គ្រួសារ នៅក្នុងមូលដ្ឋានរដ្ឋបាលខេត្តពោធិ៍សាត់ ក៏រុះរើជាបន្តបន្ទាប់គ្នានោះដែរហើយថ្នាក់ ដឹកនាំខេត្តបានសន្យារកដីសប្បទានសេដ្ឋកិច្ចដើម្បីដោះដូរជូនពួកគាត់វិញ ។ ចំពោះដំណាំដាំដុះអាចចេញចូលប្រមូលផលបាន នៅពេលប្រមូលផលរួចរាល់ហើយនោះនឹងមិនមានវត្តមានទៀតឡើយ។
ករណីខាងលើគេឃើញប្រជាពលរដ្ឋទាំងអស់ ទះដៃព្រោងព្រាតយល់ព្រមឯកភាពនឹងទទួលយកសំណើនេះនិងអនុវត្តរៀងៗខ្លួន ប៉ុន្តែលទ្ធយ៉ាងណានោះគេមិនដឹងនៅឡើយ ៕ ប៉ឹម ពិន