ខេត្តពោធិ៍សាត់ ៖ យោងតាមរបាយការណ៍សមត្តកិច្ចនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា សិស្សានុសិស្សសាលាវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀនចំនួន ១២នាក់បានដួលសន្លប់ ដោយគ្មានមូលហេតុច្បាស់លាស់។
ក្នុងរបាយការណ៍បន្តថា ហេតុការណ៍សិស្សានុសិស្សដួលសន្លប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ និង៧នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចសាលាវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្ថិតក្នុងភូមិ.ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
របាយការណ៍នគរបាលបន្តទៀតថា សិស្សានុសិស្សសាលាវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ដែលបានដួលសន្លប់ទាំងចំនួន ១២នាក់ដោយពុំទាន់មានមូលហេតុនៅឡើយនោះ ថ្នាក់ទី ៩អាចំនួន ០២នាក់ ថ្នាក់ទី ៩បេចំនួន ០១នាក់ ថ្នាក់ទី ១០ដេចំនួន ០៣នាក់ ថ្នាក់ទី ១១សេចំនួន ០៥នាក់ និងថ្នាក់ទី ១១បេចំនួន ០១នាក់។
លោក វេជ្ជៈបណ្ឌិត ច័ន្ទ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់បានឲ្យដឹងតាមទូរស័ព្ទ នារសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នេះថា បញ្ហាសិស្សានុសិស្សដួលសន្លប់ខាងលើ ស្ថិតក្នុងស្ថានភាពតាមដាននៅឡើយ ប៉ុន្តែសិស្សានុសិស្សទាំងអស់បានធូស្រាលអស់ហើយ សុខភាពពួកគាត់ល្អធម្មតាទាំងអស់គ្មានបញ្ហាអ្វីទាំងនោះទេ ហើយករណីខាងលើអាចសន្ធិដ្ឋានបានខ្លះៗលើអារមណ៍ ឃើញម្នាក់ដួលសន្លប់ទើបតៗគ្នាបែបនេះកថាបាន៕ ប៉ឹមពិន