កម្លាំងគណៈបញ្ជការឯកភាពខណ្ឌដូនពេញ ចុះកាត់ស្លាកប៉ាណូដាក់រំលោភលើចិញ្ចើមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ និង លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ ដឹកនាំកម្លាំងប្រជាការពារខណ្ឌដូនពេញ ចុះកាត់ស្លាកប៉ាណូដាក់រំលោភលើចិញ្ចើមផ្លូវសាធារណៈ នៅបណ្តោយផ្លូវលេខ៦៧ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រួចបន្តចុះកាត់រោងដែកលក់ស៊ុប នៅបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ និង បន្តចុះរៀបចំសណ្តាប់ធ្នាប់អ្នកកល់ដូរជុំវិញរបងវត្តសារាវ័ន្តតេជោ ផងដែរ ។

សូមជម្រាបជូនថា រដ្ឋបាលខណ្ឌដូនពេញ បាននឹងកំពុងធ្វើការជូនដំណឹងជាបន្តបន្ទាប់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យធ្វើការរុះរើសំណង់ រោង និងផ្លាកយីហោផ្សេងៗ ដែលបានសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈ ដោយបានកំណត់ទុករយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹង ។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ឬ ម្ចាស់អាជីវកម្មដ្ឋាន មិនសហការអនុវត្តតាមការជូនដំណឹង ឬការណែនាំរបស់រដ្ឋបាលខណ្ឌ សង្កាត់ទេ នោះរដ្ឋបាលខណ្ឌ នឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ចុះរុះរើ កាត់ចេញ ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារៈទាំងនោះឡើយ ។

រដ្ឋបាលខណ្ឌ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការលើកកម្ពស់សោភ័ណភាពក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print