ភ្នំពេញ៖ អ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា ហៅ លីន ដែលជាកូនស្រីបង្កើតរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងត្រូវជាកូនប្រសារសពសម្តេចពោធិ៍សាល ជា ស៊ីម បានទទួលមរណភាព ក្នុងវ័យ៣៦ឆ្នាំ កាលពីវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នាមន្ទីរពេទ្យ ប្រទេសសឹង្ហបុរី ។
នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា កូនស្រីរបស់លោកពិតជាទទួលមរណភាពពិកប្រាកដមែន ដោយសារបញ្ហាសុខភាពធ្ងន់ធ្ងរ ។ ការទទួលមរណភាពរបស់អ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា បានបន្សល់ទុកកូនតូចៗចំនួន៣នាក់ (ស្រី២នាក់) ឲ្យនៅកំព្រាម្តាយ ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងទាំងទឹកភ្នែកថា «កូនស្រីខ្ញុំ បានទៅចោលខ្ញុំហើយ គេបានសោយសុខក្នុងអនាគតជាតិ មិនបាននៅរងបាបកម្មជាមួយខ្ញុំទេ»។
បើតាមនាយឧត្តមសេនីយ៍ កូនស្រីរបស់លោកបានទទួលមរណភាព នៅមន្ទីរពេទ្យ Raffle ប្រទេសសឹង្ហបុរី នៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ដែលជាកូនស្រីម្នាក់គត់របស់លោក ក្នុងចំណោមកូនទាំង៤នាក់ (ប្រុស៣នាក់)។
សូមបញ្ជាក់ថា អ្នកស្រី ហ៊ុន វណ្ណវឌ្ឍនា ហៅលីន បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ជា ថា (ឧត្តមសេនីយ៍ទោ នៅអគ្គស្នងការនគរបាលជាតិ) ដែលជាកូនប្រុសសពសម្តេចពោធិ៍សាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា ហើយបានបន្សល់ទុកចំណងដៃកូន៣នាក់ (ស្រី២នាក់ ប្រុសម្នាក់) ៕