ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ទន្លេបាសាក់បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់និងដកហូតថ្នាំញៀនចំនួន២៩កញ្ចប់តូចនិងសម្ភារៈប្រើប្រាស់មួយចំនួនធំ។
ហេតុការណ៍ធ្វើការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង០២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅចំនុចគល់ស្ពានចូលមជ្ឈមណ្ឌលកោះពេជ្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង៥នាក់មានឈ្មោះទី១ ឈ្មោះ ហៀង នាង ភេទស្រី អាយុ៣៦ មុខរបរលក់គ្រឿងម្ជូ។ ទី២ ឈ្មោះ អុឹង សុវណ្ណធូ ភេទស្រី អាយុ២៦ ឆ្នាំ មុខរបរលក់មីឆា។ ទី៣ ឈ្មោះ សុី ម៉ូចាន់ណារី ភេទប្រុស អាយុ១០ មុខរបររើសអេតចាយ។ ទី៤ ឈ្មោះ សុីម រ៉ា ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបររត់ម៉ូតូឌុប។ ទី៥ ឈ្មោះ គឹម នឿន ភេទស្រី អាយុ ៣៩ មុខរបរនៅផ្ទះ។
សមត្ថកិច្ចបានបន្តថា មុនពេលឈានទៅដល់ការឃាត់ខ្លួនគឺ កម្លាំងបានធ្វើការជិះល្បាតនៅក្នុងមូលដ្ឋានដើម្បីការពារសុវត្តិភាពប្រជាពលរដ្ឋ ។ ពេលដែលកម្លាំងល្បាតមកដល់ចំណុចគល់ស្ពានកោះពេជ្យ ដោយឃើញមានការសង្ស័យទើបកម្លាំងចុះឆែកឆេ ក៏ឃើញថ្នាំញៀនចំនួន២៩កញ្ចប់ រូមនឹងថង់សំរាប់វិចខ្ចប់ថ្នាំញៀនមួយចំនួនធំ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ក៏ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ដើម្បីយកមកសួរនាំ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសុំណុំរឿងដើម្បីបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំកាមន ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ស រស្មី