ផ្ទះចាស់ទ្រុឌទ្រោមរុះរើចេញសុំច្បាប់សាងសង់ថ្មីពីអាជ្ញាធរខណ្ឌច្បារអំពៅ បែរជាដឹកនាំកម្លាំងចុះផ្អាកទាំងបំពានលើលិខិតអនុញ្ញាតិពីសាលារាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋ១គ្រួសារដែលមានទីលំនៅក្នុងក្រុម៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានផ្ញើលិខិតពាក់ព័ន្ធមួយចំនួនមកកាន់ការិយាល័យកាសែតនគរវត្តដើម្បីឲ្យជួយចុះផ្សាយ ដោយសារតែអស់លទ្ធភាពតទៅមុខទៀត ព្រោះតែការពីដំបូងឡើយរាជរដ្ឋាភិបាលបានធ្វើការពង្រីង និងអភិវឌ្ឍន៍ផ្លូវជាតិលេខ១ឲ្យធំទូលាយដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរលើដងផ្លូវនេះ។ ប៉ុន្តែសម្រាប់គ្រួសាររបស់គាត់បានគោរពតាមការណែនាំរបស់អាជ្ញាធរដែនដី តាំងពីថ្នាក់ក្រោមរហូតដល់កំពូល និងគាំទ្រយ៉ាងពេញទំហឹងលើការអភិវឌ្ឍផ្លូវជាតិលេខ១នេះ ហើយក៏បានចូលរួមចំណែកចបរិច្ចាគ និងកាត់ដីដែលត្រូវផលប៉ះពាល់នោះដើម្បីងាយស្រួលក្នុងការពង្រីកផ្លូវជាតិមួយនេះ។
អ្វីដែលគាត់ស្នើសុំ ដែលរហូតមកដល់ពេលនេះវាមិនបានដូចបំណង ហើយលក្ខខណ្ឌ និងពាក្យស្នើសុំបានគោរពច្បាប់ទាំងអស់របស់អាជ្ញាធរដែនដី តែពេលគាត់រុះរើផ្ទះចាស់ រួចសុំច្បាប់សាងសង់ថ្មីឡើងវិញនៅលើដីដែលសល់ បែរជាអាជ្ញាធរចុះផ្អាក។
លោក សេង សិទ្ធគុណ និងលោក សេង បញ្ញារិទ្ធ ជាបងប្អូនបង្កើតបានរៀបរាប់ថា ពីដើមឡើយដីរបស់ពួកខ្ញុំធំ ហើយវែង តែរដ្ឋត្រូវការអភិវឌ្ឍ ខ្ញុំបានបរិច្ចាគតាមការកំណត់របស់រដ្ឋ ហើយសល់រហូតមកដល់បច្ចុប្បន្នសម្រាប់សាងសង់លំនៅឋាន ពេលស្នើសុំច្បាប់ បែរជាអាជ្ញាធរមិនអនុញ្ញាតិ ដោយឲ្យទៅសុំច្បាប់បន្តនៅសាលារាជធានីភ្នំពេញ។
លោកបានបន្តថា ពេលមកកាន់សាលារាជធានីភ្នំពេញ ពួកគាត់បានរៀបចំបែបបទស្នើសុំ ហើយខាងសាលារាជធានីភ្នំពេញបានអនុញ្ញាតិឲ្យសាងសង់ឡើងវិញ យោងតាមលិខិតលេខ០១១លសរ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ប៉ុន្តែអាជ្ញាធរខណ្ឌច្បារអំពៅ នៅតែមិនអនុញ្ញាតិឲ្យសាងសង់ តាមលិខិតសាលារាជធានីភ្នំពេញដដែល ។ ករណីនេះ អាជ្ញាធរសំអាងថា ពាក់ព័ន្ធនឹងទំនាស់ជាមួយអ្នកជិតខាង ផ្ទុយទៅវិញ គឺបញ្ហាទំនាស់ត្រូវបានដោះស្រាយចប់សព្វគ្រប់តាំងពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥មកម៉្លេះ។
ម្ចាស់សំណង់បានលើកឡើងថា ខ្ញុំគោរពច្បាប់រដ្ឋ ទាំងការសាងសង់ ទាំងការស្នើសុំ ក៏ដូចជាបញ្ហាពន្លាតជាដើម មានចេតនាអនុវត្តតាមអជ្ញាធរ និងជំនាញ ប៉ុន្តែខ្ញុំមិនទទួលបានយុត្តិធម៌ក្នុងរឿងនេះសម្រាប់សាងសង់ ត្រឹមតែធ្វើឡើងវិញលើដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ដើម្បីជាជម្រកការស្នាក់អាស្រ័យសម្រាប់កូនមករៀននៅភ្នំពេញ។ ក្នុងនោះ ខ្ញុំមានចម្ងល់ផងដែរថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គាត់បានយល់ពីបញ្ហានេះច្បាស់ និងអនុញ្ញាតិឲ្យខ្ញុំសាងសង់លំនៅឋានវិញដោយមានលិខិតស្នាមជាផ្លូវការណ៍ ក្នុងនោះ លោកអភិបាលថែមទាំងបានទូរស័ព្ទទៅកាន់អាជ្ញាធរខណ្ឌបញ្ជាក់ឲ្យពួកខ្ញុំបានសង់លំនៅឋានវិញ តែដល់ពេលសាងសង់ មិនត្រឹមតែមកឃាត់សំណង់ប៉ុណ្ណោះទេ ថែមទាំងអះអាងថា ការនិយាយតាមទូរស័ព្ទរបស់អភិបាលរាជធានីភ្នំពេញមិនផ្លូវការណ៍? ពួកគាត់បន្តថា បើចាត់ទុកអភិបាលរាជធានីនិយាយទូរស័ព្ទមិនមែនជាផ្លូវការណ៍ ចុះក្នុងនាមអាជ្ញាធរមូលដ្ឋានមានបានយកចិត្តទុកដាក់ឬទេ ចំពោះលិខិតអនុញ្ញាតិរបស់អភិបាលរាជធានីភ្នំពេញ ដែលចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨?
ពាក់ព័ន្ធករណីនេះ កន្លងទៅ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានប្រាប់នគរវត្តតាមទូរស័ព្ទថា ករណីហាមឃាត់សំណង់ដោយសារមានបណ្តឹងពីអ្នកជិតខាង ក្នុងនោះ បញ្ហានេះក៏ត្រូវទៅដោះស្រាយជុុំគ្នានៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី និងនៅសាលារាជធានីភ្នំពេញ។ ក្នុងនោះលោកអភិបាលក៏បានបញ្ជាក់ថា រឿងនេះ ខាងខណ្ឌក៏ត្រូវដាក់សំណើរទៅសាលារាជធានីភ្នំពេញដើម្បីស្នើសុំខាងរាជធានីភ្នំពេញជាអ្នកដឹកនាំមកកំណត់ទីតាំង និងពន្លាតដើម្បីសាងសង់។
គួររឮកថា កន្លងទៅមិនត្រឹមតែអាជ្ញាធរខណ្ឌប៉ុណ្ណោះតែចុះឃាត់សំណង់ ក្នុងនោះសូម្បីតែខាងមន្ទីរក៏ចុះឃាត់សំណង់ធ្វើកំណត់ហេតុ ទាំងម្ចាស់ទីតាំងមានលិខិតអនុញ្ញាតិពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថែមទៀត ដោយសម្អាងថាមានទំនាស់។ ករណីជាក់ស្តែង ពេលម្ចាស់សំណង់បង្ហាញពីឯកសារផ្លូវច្បាប់ លិខិតកាន់កាប់ដីធ្លី លិខិតបញ្ចប់វិវាទ និងលិខិតអនុញ្ញាតិពីលោកអភិបាលរាជធានីភ្នំពេញ បែរជាខាងអនុប្រធានមន្ទីរខាងសំណង់លើកឡើងថា ការឃាត់សំណង់ និងធ្វើកំណត់ហេតុ កាលនោះក្រុមការងាររបស់គាត់មិនបានដឹកថា សំណង់នេះមានលិខិតអនុញ្ញាតិពីលោកអភិបាលរាជធានីភ្នំពេញទៅវិញ។
អ្នកជិតខាងបានសម្តែងនូវការគាំទ្រចំពោះឆន្ទៈម្ចាស់សំណង់កាន់កាប់ដីស្របច្បាប់នេះ និងទទួលស្គាល់ថា អាជ្ញាធរ ក៏ដូចជាជំនាញហាក់មានចេតនាណាមួយបន្ទុចបង្អាក់ដោយប្រើបច្ចេកទេសជំនាញ ដើម្បីឲ្យម្ចាស់សំណង់បង្ខំចិត្តលក់ដីនេះក្នុងតម្លៃថោក ទើបបញ្ហានេះចេះតែកើតមានជាបន្តបន្ទាប់។
ពួកគាត់បានលើកឡើងថា ម្ចាស់ទីទាំង ជាមន្ត្រីរាជការមានមុខមាត់ឋាន តួនាទីក្នុងស្ថាប័នរដ្ឋដ៏ជាក់លាក់ផង នៅអាជ្ញាធរ និងជំនាញមានឱកាសគៀបសង្កត់ ចុះបើជាពលរដ្ឋសាមញ្ញធម្មតាវិញ តើពួកគាត់អាចប្រឈមនឹងអំពើអយុត្តិធម៌ ការគៀបសង្កត់តាមរយៈការប្រើអំណាច បច្ចេកទេសជំនាញដើម្បីបង្អាក់សំណង់នេះដ៏កម្រិតណា។
ករណីនេះផងដែរ មិនអាចសុំការបំភ្លឺបានទេពីលោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅកាលពីរសៀលថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ តាមទូរស័ព្ទ លោកគ្រាន់តែបញ្ជាក់ថា កំពុងជាប់រវល់ប្រជុំនៅសាលារាជធានីភ្នំពេញ៕ ស តារា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print