ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តបុករះម៉ូតូ និងរ៉ឹម៉កម៉ូតូកង់បីជាច្រើនគ្រឿង រួចបើករត់បន្តទៅបុករថយន្តពីរបីគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតហើយព្យាយាមបើករត់តាំពីខណ្ឌទួលគោករហូតមកដល់ខណ្ឌសែនសុខទៅបុកនិងបង្កាន់ដៃស្ពានអាកាសទើបសងថ្មីទៅមុខលែងរួច។
ហេតុការណ៍ចរាចរនេះបានកើតឡើងកាលព្រឹកថ្ងៃសុក្រ ១រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅចំណុចម្តុំផ្សារដើមគរ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅ មុនកើតហេតុគេបានឃើញបុរសជនជាតិម្នាក់ បើករថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4109 លុះមកដល់ម្តុំផ្សារដើមគចំណុចកើតហេតុ ក៏រេចង្កូតពេញផ្លូវជ្រុលទៅបុកម៉ូតូ និងរ៉ឺម៉កកង់បីជាច្រើនគ្រឿង ហើយបានបន្ថែមល្បឿនបើករត់រហូតទៅបុករថយន្តកាមរី ១គ្រឿងទៀត ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 2AD-3133 ។
រថយន្តបង្កមិនបានឈប់ទេ គឺបានបើកបន្ដទៅបុករថយន្តធុនត្រា ១គ្រឿងទៀត មិនចាំស្លាកលេខ ហើយក៏បានបើករត់បន្តឡើងទៅផ្លូវសហព័ន្ធរុស្សីទិសដៅពីកើតទៅលិចក្នុងល្បឿងលឿនឡើងលើស្ពានអាកាសថ្មី ដែលកំពុងសាងសង់ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខហើយរថយន្ត បង្កខូចខាតយ៉ាងដំណំ បើកទៅមុខលែងរួចប៊ិះធ្លាក់ចុះពីលើស្ពាន ចំណែកម្ចាស់រថយន្តកាមរី បានដេញតាមមកដល់ចំណុចស្ពានខាងលើបានរាយការណ៍ឲ្រសមត្ថកិច្ចខណ្ឌសែនសុខជួយអន្តរាគមន៍ឃាត់រថយន្តនិងម្ចាស់បានតែម្តង។
ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកចរាចរខណ្ឌសែនសុខបានប្រគល់រថយន្តបង្ករនិងអ្នកបើកបរជនជាតិចិននោះទៅឲ្យសមត្ថកិច្ចខណ្ឌទួលគោកវិញដើម្បីចាត់ការតាមនិតិវិធី៕ ដោយ៖ តុង សីហា