កូនប្រុសច្បងអតីតមេដឹកនាំបដិវត្តន៍ គុយបា លោក ហ្វុីដែល កាស្ត្រូ និងជាបុគ្គលដែលអាចស្នងតំណែងពីឪពុកបានធ្វើអត្តឃាតដោយសារតែជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។
ប្រព័ន្ធផ្សព្វផ្សាយគុយបាបានឲ្យដឹងថា កូនប្រុសច្បងរបស់អតីតមេដឹកនាំគុយបា លោក ហ្វុីដែល កាស្ត្រូ គឺលោក ហ្វុីដែល អាន់ជែលកាស្ត្រូ ឌីយ៉ាស់បាឡាត បាន សម្រេចចិត្តធ្វើអត្ដឃាតកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីជំងឺសម្ពាធផ្លូវចិត្តអស់រយៈពេលជាច្រើនខែមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមប្រព័ន្ធផ្សព្វផ្សាយគុយបា បានឲ្យដឹងថា លោក Diaz-Balart អាយុ ៦៨ឆ្នាំ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងនៅតែបន្តទទួលការព្យាបាលក្នុងនាមជាអ្នកជំងឺនារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ប៉ន្តែទោះជាយ៉ាងណាក៏ដោយ មូលហេតុនៃការធ្វើអត្តឃាតនេះ ទៅមិនទាន់ត្រូវបានគេបញ្ជាក់លម្អិតនោះទេ ខណៈដែលក្រុមគ្រួសាររបស់លោកកំពុងរៀបចំពិធីបុណ្យសព។
លោក ហ្វុីដែល អាន់ជែលកាស្ត្រូ ឌី យ៉ាស់បាឡាត មានរហស្សនាមថា Fidelito ដោយសារតែលោកមានរូបរាងដូច ឪពុក ដែលជាមេដឹកនាំបដិវតន៍គុយបា។ លោក Fidelito គឺជាកូនច្បងផ្លូវការតែមួយគត់របស់លោក ហ្វុីដែលល កាស្ត្រូ ជាមួយ នឹងភរិយាដំបូង គឺលោកស្រី Mirta Diaz Balart។ លោកជាអ្នកវិទ្យាសាស្ត្របរមាណូធ្លាប់កាន់តំណែងគ្រប់គ្រងគណៈកម្មការថាមពលបរមាណូគុយបា មុនពេលឪពុក ដកដំណែងក្នុងអំឡុងទសវត្សទី៩០ បន្ទាប់ពីគុយបាបោះបង់កម្មវិធីបរមាណូ៕ ម៉េវ សាធី