រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបាន ប្រកាសពីគម្រោងអភិវឌ្ឍន៍បរមាណូបន្ថែមទៀត ក្នុងពេលដែលអាមេរិកកំពុងរងការ គំរាមកំហែងដោយបរមាណូពីប្រទេស ផ្សេងៗ ក្នុងនោះមានរុស្ស៊ីនិងចិនជាដើម។ នៅក្នុងរបាយការណ៍វាយតម្លៃមាន៧៤ទំព័រស្តីពីបរមាណូ ក្នុងនោះបានបញ្ជាក់យ៉ាង ច្បាស់ ថា រុស្ស៊ីនិងចិន គឺជាប្រទេសដែល អាចគំរាមកំហែង ដល់សន្តិសុខអាមេរិក។
ជាមួយគ្នានេះអាមេរិក បានសម្រេចក្នុងការបង្កើនការអភិវឌ្ឍកម្មវិធីបរមាណូ ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងនោះ។ រុស្ស៊ីនិងចិន បានថ្កោលទោសអាមេរិក យ៉ាងខ្លាំង ដែលប្រទេសមហាអំណាច អាមេរិក មិនគោរពកិច្ចសន្យាកាត់បន្ថយ បរមាណូ ដូចដែលបានព្រមព្រៀង ផ្ទុយទៅវិញបែរជាបង្កើនកម្មវិធីបរមាណូទៅវិញ ។
សកម្មភាពខាងលើរបស់អាមេរិក ត្រូវបានចិនចាត់ទុកថាជាការប្រើប្រាស់ បរមាណូដើម្បីគំរាមកំហែងដល់ប្រទេសផ្សេងទៀត។ ទីក្រុងប៉េកាំង បានបង្ហាញការ ជំទាស់យ៉ាងខ្លាំង នឹងការចេញរបាយ ការណ៍ស្ដីពីអំណាចនុយក្លេអ៊ែរអាមេរិក ឬគេស្គាល់ថា US Nuclear Posture Review ដោយនិយាយពីថាមពលនុយក្លេអ៊ែររបស់ចិនថាមិនមានភាពច្បាស់លាស់ ចំពោះសន្តិសុខពិភពលោក។ ព្រមពេល ជាមួយគ្នា ចិនក៏បានអះអាងផងដែរថា នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរគំរាមកំហែងគេឯងមុនឡើយ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃ អាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។
ប្រតិកម្មរបស់ទីក្រុងប៉េកាំង កើតមាន ឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីថ្ងៃ សុក្រ កន្លងទៅ បានចេញរបាយការណ៍ មួយស្ដីពី អំណាចនុយក្លេអ៊ែរអាមេរិក ដោយបានចាត់ទុកថាថាមពលនុយក្លេអ៊ែររបស់ចិន រុស្ស៊ី អុីរ៉ង់ និងកូរ៉េខាងជើង មិនមានភាពច្បាស់លាស់ចំពោះសន្តិសុខពិភពលោក។
យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យកន្លងទៅនេះ អ្នកនាំពាក្យ ក្រសួងការពារជាតិចិន លោក Ren Guoqiang បានគូសបញ្ជាក់ ដូច្នេះថា «ចិនតែងតែមានការអត់ធ្មត់ខ្ពស់ជានិច្ចចំពោះការអភិវឌ្ឍនិងការរក្សាអាវុធនុយក្លេអ៊ែរឱ្យនៅក្នុងកម្រិតទាបលើសពីនេះទៅទៀត ចិននឹងមិនប្រើប្រាស់អាវុធ នុយក្លេអ៊ែរគំរាមកំហែងប្រទេសដទៃមុនឡើយ»។ បន្ថែមពីនេះលោក Guoqiang ក៏បានបង្ហាញក្ដីសង្ឃឹមដែរថា សហរដ្ឋ អាមេរិកដែលជាឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេនៅលើ លោកនឹងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ហើយបោះបង់ចោលគំនិតបង្កសង្រ្គាមត្រជាក់។
គួរបញ្ជាក់ថា របាយការណ៍ស្ដីពីអំណាចនុយក្លេអ៊ែរអាមេរិក ឬគេស្គាល់ថា US Nuclear Posture Review គឺជាគោលនយោ បាយមួយដែលពិនិត្យឡើងវិញនូវគោលនយោបាយនុយក្លេអ៊ែរ យុទ្ធសាស្ត្រសមត្ថ ភាពសម្រាប់រយៈពេល៥ឆ្នាំទៅ១០ឆ្នាំ ខាងមុខទៀត។
សកម្មភាពរបស់អាមេរិក ទៅលើ ប្រទេសចិន បានបង្កផលលំបាកយ៉ាងខ្លាំងដល់បណ្តា ក្រុមហ៊ុន អ្នកវិនិយោគរបស់ អាមេរិកនៅក្នុងប្រទេសចិន ។ ក្រុមអ្នក វិនិយោគអាមេរិក បង្ហាញការសោកស្តាយចំពោះបរិយាកាសអាប់អួក្នុងការវិនិយោគនៅក្នុងប្រទេសចិន។
កន្លងមក សភាពាណិជ្ជកម្មអាមេរិក ប្រចាំក្នុងទីក្រុងប៉េកាំង ប្រទេសចិនបាន ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពរបស់ក្រុមអ្នកជំនួញអាមេរិកដែលកំពុងរកស៊ីនៅចិន។ របាយការណ៍បានប្រាប់ឲ្យ ដឹងថា ក្រុមហ៊ុនរោងចក្រអាមេរិកភាគច្រើននៅចិនបានស្គាល់ទុនវិនិយោគរបស់ខ្លួនកើនឡើងនាឆ្នាំ ២០១៧ តែបានសោក ស្តាយពីបរិយាកាសអាប់អួក្នុងការធ្វើ ជំនួញ។ អាប់អួរនៅត្រង់ថា រដ្ឋាភិបាលចិនមិនបានអនុវត្តឲ្យស្មើភាពគ្នារវាងអ្នកជំនួញបរទេស និងអ្នកជំនួញក្នុងស្រុក។
ក្រុមហ៊ុន រោងចក្រអាមេរិកនៅចិន ចំនួន ៣ភាគ៤ ដែលសភាពាណិជ្ជកម្ម អាមេរិកប្រចាំទីក្រុងប៉េកាំងជួបសម្ភាសន៍បានប្រាប់ថា ពួកគេមានអារម្មណ៍ថា មិនសូវត្រូវបានទទួលស្វាគមន៍ប៉ុន្មានទេនៅ ក្នុងឆ្នាំ ២០១៧ ពោលគឺខុសពីឆ្នាំ ២០១៦ ដែលមានការទទួលស្វាគមន៍យ៉ាងរាក់ ទាក់។ ទន្ទឹមគ្នានេះ មាន ៤៦% បានយល់ ឃើញថា ពួកគេបាននិងកំពុងទទួលរងនូវការប្រកួតប្រជែងមិនស្មើភាពទល់នឹងក្រុមហ៊ុន រោងចក្រក្នុងស្រុក រួមមាន ការទទួល បានទីផ្សារមិនស្មើភាព គ្មានទទួលបានការឧបត្ថម្ភពីរដ្ឋដូចម្ចាស់ស្រុក ឬមួយក៏ការអនុវត្តច្បាប់មិនដូចគ្នាជាដើម។
ទោះជាយ៉ាងនេះក្តី មានក្រុមហ៊ុន រោង ចក្រអាមេរិកនៅចិនប្រមាណជា ៦៤% បានយល់ឃើញថា ទុនវិនិយោគរបស់ពួកគេមានការកើនឡើងក្នុងឆ្នាំ ២០១៧ ពោល គឺច្រើនជាងឆ្នាំ ២០១៦ ដែលមាន ៥៨% និង ២០១៥ ដែលមានតែ ៥៥%។ សូម ជម្រាបជូនថា នៅក្រោយទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំក្នុងប្រទេសចិន ទីក្រុងប៉េកាំងបាន ប្រកាសឲ្យដឹងពីការអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសមានសិទ្ធិគ្រប់គ្រងធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតដែលជាវិស័យ សំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុនអាមេរិកាំងនៅក្នុងពិភពលោក។
នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស ប្រទេសស្វ៊ីសថ្មីៗនេះ លោក លីវ ហ៊ី ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកប្រធានាធិបតីចិនស៊ី ជីនពីងក៏បានសន្យាថា ចិននឹងបន្ធូរបន្ថយច្បាប់ដល់ក្រុមហ៊ុនបរទេសនៅក្នុងវិស័យហិរញ្ញវត្ថុ ធនាគារ និង សេវា។ តាមរបាយការណ៍ប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអាមេរិកប្រចាំក្នុងប្រទេសចិនដដែលបញ្ជាក់ថា មានក្រុមហ៊ុន រោង ចក្រអាមេរិកនៅចិនចំនួន ៤៦% កំពុងរង់ចាំឲ្យចិនបើកទីផ្សារបន្ថែមសម្រាប់អ្នក វិនិយោគបរទេសក្នុងរយៈពេល ៣ឆ្នាំខាង មុខ។
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបនឹង របាយការណ៍នេះថា ចិនដែលមានពលរដ្ឋកម្រិតជីវភាពមធ្យមចំនួន ៤០០លាននាក់ពិតជាមានទីផ្សារប្រកបដោយសក្តានុពលធំធេងណាស់សម្រាប់ក្រុមហ៊ុនរោងចក្របរទេស៕ ម៉ែវ សាធី