នៅឆ្នាំ២០២១នឹងមានយន្តហោះដឹកអ្នកដំណើរផលិតដោយចិន១០០%

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរស៊ីវិល ផលិត ដោយបច្ចេកវិទ្យាចិន១០០ភាគរយ នឹងត្រូវ ប្រគល់ទៅឲ្យអតិថជនដើម្បីធ្វើអាជីវកម្មហោះហើរនៅឆ្នាំ២០២១ ក្រោយការសាក ល្បង ទទួលបានជោគជ័យជាច្រើនលើកនាពេលកន្លងមក។ មកទល់ពេលនេះក្រុមហ៊ុនផលិតយន្តហោះទទួលបានការកុម្ម៉ង់ទិញរហូតដល់ទៅ៧៨៥គ្រឿង គឺជាចំនួនយ៉ាងច្រើនបំផុតមិនធ្លាប់មាន។

ក្រុមអ្នកឯកទេស បានលើកឡើងថា យន្តហោះដឹកអ្នកដំណើររបស់ចិនដែល មានតម្លៃថោកជាងឆ្ងាយបើប្រៀបធៀប នឹងយន្តហោះរបស់ក្រុមហ៊ុន អាមេរិកាំង Boeing ក្រុមហ៊ុនអឺរ៉ុប Airbus។ នាយករងផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនផលិតយន្តហោះរដ្ឋចិន Comac លោក Lu Zheng បានប្រកាសឲ្យដឹងថា យន្តហោះដឹកអ្នក ដំណើរប្រភេទ C៩១៩ របស់ចិននឹងផលិត រួចរាល់ ហើយអាចប្រគល់ទៅឲ្យអតិថិជន នៅឆ្នាំ ២០២១។

កន្លងមកចិនទទួលបានជោគជ័យយ៉ាងខ្លាំង លើវិស័យអវកាស វិស័យយោធា និងសេដ្ឋកិច្ច នៅលើពិភពលោក ពេលនេះចិនកំពុងផ្តោតលើមហិច្ឆតាអាកាសចរណ៍តាមរយៈការផលិតយន្តហោះស៊ីវិលក្រោមបច្ចេកវិទ្យារបស់ចិន ១០០%។ យន្តហោះ ចិន C៩១៩ ផលិតដោយក្រុមហ៊ុនអាកាស ចរណ៍រដ្ឋ Comac ដែលអាចដឹកអ្នកដំណើរ បាន ១២៨នាក់នឹងចូលខ្លួនប្រជែងនឹងយន្ត ហោះអាមេរិកាំង Boeing B៧៣៧ និង យន្តហោះអឺរ៉ុប Airbus A៣២០។ យន្តហោះ C៩១៩ ធ្លាប់បានហោះសាកល្បងចំនួន ២ដង គឺម្តងក្នុងខែឧសភា និងម្តងទៀត នាពាក់កណ្តាលខែធ្នូ ឆ្នាំ ២០១៧។

លោក Lu Zheng នាយករងផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន Comac បានថ្លែងធានាពីប្រទេសសិង្ហបុរីដែលលោកបានទៅចូល រួមនៅក្នុងពិធីតាំងពិព័រណ៌អាកាសចរណ៍ថា យន្តហោះ C៩១៩ ទី១ នឹងត្រូវប្រគល់ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern នៅឆ្នាំ ២០២១។ លោក Lu បានបន្ថែមថា ចិនជាទីផ្សារអាទិភាពដំបូង គេមុននឹងគិតពង្រីកទៅកាន់ទីផ្សារអន្តរ ជាតិ។ តែដើម្បីអាចធ្វើការហោះហើរជាផ្លូវការក្នុងស្រុកបាន លុះត្រាណាតែក្រុមហ៊ុនទទួលបានវិញ្ញាបនបត្រហោះហើរពីរដ្ឋ បាលអាកាសចរណ៍ស៊ីវិលចិន។

ចំណែកការហោះហើរក្នុងដែនអាកាសអន្តរជាតិ គឺត្រូវមានភ្លើងខៀវពីទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធអាមេរិកាំងដែលលោក Lu ទទួលស្គាល់ថា អាចមានការលំបាកជាងការទទួលភ្លើងខៀវពីរដ្ឋបាល អាកាសចរណ៍ស៊ីវិលចិន។ កន្លងមក យន្ត ហោះខ្នាតតូចប្រភេទ ARJ-២១ ដែលផលិត ដោយក្រុមហ៊ុន Comac ទទួលបានភ្លើងខៀវពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន តាំងពីដំណាច់ឆ្នាំ ២០១៤ ដើម្បីធ្វើចរា ចរណ៍ក្នុងស្រុក តែនៅមិនទាន់ទទួលបានភ្លើងខៀវពីទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធអាមេរិកាំងនៅឡើយទេ។

សព្វថ្ងៃ ក្រុមហ៊ុន Comac ទទួលបាន ការកុម្ម៉ង់ទិញយន្តហោះ C៩១៩ ចំនួន ៧៨៥គ្រឿងដែលភាគច្រើនជាកុម្ម៉ង់របស់ក្រុមហ៊ុនអាកាសចរណ៍ចិន។ ចំណែកការកុម្ម៉ង់ទិញពីក្រុមហ៊ុនអាកាសចរណ៍បរទេស ពិសេសពីអាល្លឺម៉ង់ និងថៃមានតែ ៣៤គ្រឿងប៉ុណ្ណោះ។ តែលោក Lu បាន អះអាងថា ទីផ្សារដែលក្រុមហ៊ុន Comac សម្លឹងឃើញ គឺនៅអាស៊ីអាគ្នេយ៍ និងនៅ អាហ្រ្វិក។ រីឯតម្លៃរបស់ C៩១៩ គឺថោក ជាងឆ្ងាយបើធៀបនឹងយន្តហោះអាមេរិកាំង Boeing B៧៣៧ និងយន្តហោះអឺរ៉ុប Airbus A៣២០៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print