ភ្នំពេញ៖ តារាសម្តែងជើងចាស់ អ្នកស្រី អម្ពរទេវី បានវិលមកសម្តែងជាថ្មីក្រោយពីស្នាដៃទើបនឹងសម្តែងរបស់អ្នកស្រីទទួលបានជោគជ័យខ្លាំង។ ក្រៅពីការវិលមកសម្តែងអ្នកស្រីក៏មានបំណងវិលមករស់នៅកម្ពុជាវិញដែរ។
តារាសម្ដែងល្បីឈ្មោះអ្នកនាង អម្ពរ ទេវី បានកើតសរសើរក្រុមការងារផលិតកម្ម Red Picture ដែលកំពុងថតរឿង ”ឆន្ទា” ដែលតារាសម្ដែងជើងចាស់រូបនេះកំពុងសម្ដែងក្នុងប្រទេស កម្ពុជា។ ការកោតសរសើរ ព្រោះតែភាពរួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការថត ធ្វើឱ្យអ្នកនាងទុកចិត្តសម្រាប់ស្នាដៃមួយនេះ។ អ្នកស្រីបង្ហើបថា ក្រោយការសម្តែងជាមួយក្រុមការងារផលិតកម្មកន្លងមកគឺអ្នកស្រីពេញចិត្តជាខ្លាំងនឹងការបច្ចេកទេស និងសមត្ថភាព ភាពអត់ធ្មត់របស់ផលិតករ។ អ្នកស្រីថា វាក៏ជាហេតុធ្វើឲ្យអ្នកស្រីគិតថាអាចនឹងពិចារណាវិលមកសម្តែងស៊ប់ និងរស់នៅកម្ពុជាវិញនៅថ្ងៃណាមួយ។អ្នកស្រីលើកឡើងថា ដោយសារចង់មកសម្តែង នឹកស្រុកកំណើត ពិសេសនៅតែចង់ទទួលទាននូវអាហារខ្មែរទើបអ្នកស្រីមិនចង់ឃ្លាតពីទឹកដីកំណើត។
អ្នកចាត់ការទូទៅរបស់ផលិតកម្ម Red Picture ម្នាក់បានលើកឡើងថាការសម្តែងរបស់អ្នកស្រី អម្ពរ ទេវីនៅតែល្អបើទោះបីជាភាសាមួយចំនួនតួចអ្នកស្រីនៅមិនទាន់ថ្នឹកដូចមុនក្តី។ លោកថា អ្នកស្រីបានព្យាយាមច្រើនដើម្បីការសម្តែងឲ្យប្រាកដថានឹងធ្វើឲ្យទស្សនិកជនជក់ចិត្តនឹងការសម្តែងរបស់អ្នកស្រី។ ការផ្ដេជ្ញាចិត្ត្ខ្ពស់ពីតារាសម្ដែងល្បីឈ្មោះដូច្នេះហើយ ទើបធ្វើឱ្យផលិតកម្ម មានក្ដីរំពឹងខ្ពស់ថាខ្សែភាពយន្តរឿង ”ឆន្ទា” នឹងទទួលការគាំទ្រខ្លាំងពីទស្សនិកជនពេលចាក់បញ្ចាំងជាផ្លូវការ។
គេចាំបានថាបច្ចុប្បន្នអតីតារាសម្តែង អម្ពរទេវីកំពុងរស់នៅ ទីក្រុង Tacoma រដ្ឋ Washington ជាមួយកូនពីរនាក់គឺកូនប្រុសបងឈ្មោះភិរុណ ឥន្ទបុត្រ អាយុ១៤ឆ្នាំ និងកូនស្រីឈ្មោះភិរុណ លក្ស្មីទេវី អាយុ៦ឆ្នាំ។ នៅចុងទសវត្សរ៍ឆ្នាំ៨០ និងក្នុងទសវត្សរ៍ឆ្នាំ៩០ ស្នាដៃសម្តែងខ្សែភាពយន្តរបស់អ្នកនាងអម្ពរ ទេវី បានសម្ដែងមិនតិចជាង១០០រឿងនោះទេ ដោយរឿងល្បីៗរួមមាន រឿង «សម្ដីចុងក្រោយ» រឿង «ឆ្អឹងអណ្ដែត» រឿង «ចុងស្រល់» និងរឿង «ជើងមេឃដាច់ស្រយាល»ជាដើម៕ ដោយ វឌ្ឍនា