ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះមានស្រីម្នាក់ ពាក់ព័ន្ធនឹងករណីចែកចាយ និងរក្សាទុកថ្នាំញៀន កាលពីរសៀលម៉ោង៣ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិ ខ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១.ឈ្មោះ អ៊ឹម ភិន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិត្របុស្ស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ , ២.ឈ្មោះ រស់ រ៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ រស់ នៅភូមិខ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ក្នុងនោះកម្លាំងបានឆែកឆេរលើខ្លួនរកឃើញថ្នាំញៀនចំនួន ៣កញ្ចប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានទិញពីឈ្មោះ គាំ ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ , និងឈ្មោះ ថៃ សុគន្ធា ភេទស្រី អាយុ២៧ឆ្នាំ ។ អ្នកទាំង២នាក់ ស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្នួល ឃុំស្នួលស្រុកស្នួល ខេត្តក្រចេះ ។
ក្រោយទទួលបានចម្លើយសារភាព កម្លាំងសមត្ថកិច្ចជំនាញ បានសុំគោលការណ៍ពីលោក ឧត្តមសេនីយ៍ស្នងការខេត្ត និងលោកព្រះរាជអាជ្ញា ដើម្បីចុះទៅសហការជាមួយកម្លាំងជំនាញស្រុកស្នួល ខេត្តក្រចេះ ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យ២នាក់ បន្ថែមទៀត នៅចំណុចផ្ទះជួលខាងលើ ។ ក្នុងនោះកម្លាំងសមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន៣៧កញ្ចប់ ,ម៉ូតូ១គ្រឿង ,ទូរស័ព្ទដៃ៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងថ្នាំញៀនសរុប៤០កញ្ចប់ ត្រូវបាននគរបាល ជំនាញផ្នែកប្រឆាំងគ្រឿង ញៀនស្រុកត្បូងឃ្មុំ រៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅ សាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការបន្តតាមនីតិវិធី ៕ វណ្ណៈ