ខេត្តពោធិ៍សាត់៖ កម្លាំងមន្ត្រីជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ឃាត់ខ្លួនប្រធានការិយា ល័យលទ្ធកម្មនៃសាលាស្រុកវាលវែងម្នាក់ ក្នុងករណីក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាសត្រាក្លែងក្លាយលើពាក្យសុំកាន់កាប់ដីធ្លី និងបង្កាន់ដៃ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៥ និង០០នាទីល្ងាច ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្ទស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននគរបាលនៃអធិការដ្ឋានគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យត្រូវបានចោទប្រកាន់ហើយបានឃាត់ខ្លួនឈ្មោះ ប្រាក់ រតនា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំប្រម៉ោយ។
ប្រភពបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើដោយជាប់ពាក់ព័ន្ធ ក្នុងករណីក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាសត្រាក្លែងក្លាយលើពាក្យសុំកាន់កាប់ដីធ្លី និងបង្កាន់ដៃទទួលពាក្យរបស់ភូមិបាល ដោយជននេះបានដើរធ្វើសកម្មបទល្មើសចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់ឆ្នាំ២០១៧ ហើយបានប្រមូលយកកម្រៃថ្លៃសេវ៉ាលើការធ្វើឯកសារនេះផងដែរ។
ប្រភពដដែលបន្តទៀតថា ករណីខាងលើមន្រ្តីជំនាញព្រហ្មទណ្ឌធ្វើឡើងតាមបញ្ជាលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជនសង្ស័យបាននាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត។
ករណីខាងលើទោសជាយ៉ាណាក្តី៖ អ្នកសារព័ត៌មានយើងពុំអាចស្វែងរកការពន្យល់ពីសាមីខ្លួនជនសង្ស័យត្រូវបានចោទប្រកាន់នោះឬយ៉ាងណានោះឡើយ៕ ដោយ បឹុម ពិន