ភ្នំពេញ៖ក្រុមចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតចំនួន២៩នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះ បញ្ជូនមកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមច្បាប់ ។ មន្ត្រីតុលាការថ្លែងថា ជនសង្ស័យទាំងអស់មានជនជាតិចិន៤នាក់ និង ជនជាតិថៃ២៥នាក់។
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងថា ប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតតាមប្រព័ន្ធ អ៊ីនធឺណិតនៅពីរគោលដៅនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។
នាយឧត្តមសេនីយ៍បញ្ជាក់ទៀតថា សមត្ថកិច្ចក៏កំពុងស្វែងរកចាប់ខ្លួនមេក្លោងចាប់ជំរិតចាប់ប្រព័ន្ធ Internet ២នាក់ប្តីប្រពន្ធ ដែលជាជនជាតិចិនតៃវ៉ាន់កំពុងរត់គេចខ្លួន ដែលមេក្លោងទាំង២នាក់ ប្តីប្រពន្ធនេះ មានដីកាឱ្យចាប់ខ្លួនពីតុលាការប្រទេសថៃផងដែរ។ មេបញ្ជាការអាវុធហត្ថរូបនេះ បានឲ្យដឹងទៀតថា បន្ទាប់ពីបង្ក្រាបទាំង២ករណីនេះរួច កម្លាំងអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវ បទល្មើសនេះបន្តទៀត ហើយករណីបង្ក្រាបនេះ អាចចាត់ទុកថា ជាលើកទី១ ដែលមានជនជាតិថៃ ចូលរួមក្នុងបទល្មើសចាប់ជំរិតទារប្រាក់ តាមប្រព័ន្ធ អ៊ីនធឺណិតដែលកន្លងមកធ្លាប់តែមានជនជាតិចិន ដែលប្រព្រឹត្តបទល្មើសជំរិតទារប្រាក់នេះ៕ ចេស្តា