សង្គ្រាម អំពើហិង្សាដោយប្រដាប់អាវុធ ធ្វើឲ្យកុមារជាច្រើនត្រូវរងទុក្ខ

ចែករំលែក៖

តាមរបាយការណ៍របស់អង្គការការពារកុមារអន្តរជាតិបានឲ្យដឹងថា បច្ចុប្បន្នមានកុមាររហូតដល់ទៅ៣៥៧លាននាក់នៅលើពិភពលោក កំពុងតែរស់នៅក្នុងតំបន់ ដែលមានសង្គ្រាម ឬ មានជម្លោះ អំពើ ហិង្សាប្រដាប់អាវុធ ។
នៅក្នុងរបាយការណ៍របស់អង្គការ Save the children ដែលបានចេញផ្សាយ ជាសាធារណៈ បង្ហាញឲ្យឃើញថា ចំនួន កុមារដែលរស់នៅក្នុងតំបន់មានជម្លោះ ប្រដាប់អាវុធ មានច្រើនជាងពេលណាៗ ទាំងអស់។

របាយការណ៍ បានបង្ហាញថា នៅក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ ចំនួនកុមារ ដែលប្រឈមគ្រោះថ្នាក់ ដល់ជីវិតដោយសារសង្រ្គាម នៅក្នុងពិភព លោកបានកើនឡើង ប្រមាណ ៧៥ភាគ រយ គឺកើនឡើងពី២០០លាននាក់ នៅឆ្នាំ ១៩៩៥ មកដល់ ៣៥៧លាននាក់នៅឆ្នាំ ២០១៧។ ចំនួនកុមារដែលរស់នៅក្នុង ​​ តំបន់សង្រ្គាមបានកើនឡើងក៏ដោយសារតែតំបន់ប្រយុទ្ធគ្នាបានរីករាលដាល ចូល ទៅដល់ទីក្រុង ដែលជាជម្រកចុងក្រោយ របស់អ្នកដែលរត់គេចពីភ្លើងសង្រ្គាម។ នៅមជ្ឈិមបូព៌ា និងដែនដីអាហ្វ្រិកជា កន្លែងដែលមានកុមារច្រើនជាងគេ កំពុង រងគ្រោះដោយសារតែសង្រ្គាម។

ស៊ីរី និង អាហ្វហ្គានីស្ថាន ជាប្រទេសនាំមុខគេ ដែលមានកុមាររស់នៅក្នុងតំបន់សង្រ្គាម។ តាមអង្គការ Save the children កុមារស៊ីរី និងកុមារ អាហ្វហ្គានីស្ថាន ពីរនាក់ ក្នុង ចំណោម ៥នាក់ ហើយ រស់នៅផ្ទាល់តែម្តង ក្នុងតំបន់កំពុងមានការប្រយុទ្ធគ្នា ឬនៅ ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីកន្លែង ដែលកំពុងមានជម្លោះប្រដាប់អាវុធ។
របាយការណ៍បានធ្វើឲ្យអង្គការការពារ កុមារ បែងចែកចំណាត់ថ្នាក់ថា កុមារ ១៦៥លាននាក់ នៅក្នុងពិភពលោក កំពុងរស់នៅក្នុងតំបន់ដែលមានការប្រយុទ្ធគ្នាខ្លាំងសឹងមិនលស់ថ្ងៃ។ រស់នៅក្នុង តំបន់មានសង្រ្គាម កុមារទាំងនោះបាន រងគ្រោះធ្ងន់ធ្ងរ ដូចជាការសម្លាប់ ធ្វើ ឲ្យរបួសដាច់ដៃជើង ការចាប់បង្ខំឲ្យធ្វើជា ទាហាន ការរំលោភផ្លូវភេទ ការចាប់ជំរិត ដែលអង្គការសហប្រជាជាតិបានចាត់ទុកជាការរំលោភធ្ងន់ធ្ងរទៅលើកុមារ។

ក្រៅពី នោះ ដោយសារតែសង្រ្គាម កុមារទាំងនោះ គ្មានឱកាសបានទៅសាលារៀន ឬទទួល ការព្យាបាលនៅមន្ទីរពេទ្យ ដែលបានរងការវាយប្រហារបំផ្លិចបំផ្លាញ ដោយការប្រយុទ្ធគ្នារបស់ភាគីជម្លោះ។

តាមអង្គការ Save the children ការចាប់ប្រជាជនធ្វើជាចំណាប់ខ្មាំង ឬការរារាំង បិទខ្ទប់មិនឲ្យមានជំនួយស្បៀងអាហារ ដើម្បីបង្អត់ប្រជាជន គឺជាយុទ្ធសាស្រ្តថ្មី របស់ក្រុមប្រដាប់អាវុធ ជ្រុលនិយម ដើម្បី គ្រប់គ្រង ឲ្យមានប្រសិទ្ធភាព មិនឲ្យមានការងើបរើបម្រះតវ៉ារបស់ប្រជាជន ក្នុង តំបន់ដែលខ្លួនទើបវាយយកបាន។ របាយ ការណ៍នេះ ត្រូវបានបញ្ចេញជាសាធារណៈ នៅមួយថ្ងៃមុនបើកសន្និសីទ ស្តីពីសន្តិ សុខនៅទីក្រុងម៉ុយនិច ប្រទេស​អាល្លឺម៉ង់ នៅថ្ងៃសុក្រ ក្នុងក្តីសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលថ្នាក់ដឹកនាំក្នុងពិភពលោក ពិចារណា ចាត់វិធានការ ការពារកុមារ ដែលជាទំពាំង ស្នងឫស្ស៊ី។

ទំពាំងដែលខូចខ្ទាំ ដោយសារ សង្រ្គាម នឹងមិនអាចក្លាយជាឫស្ស៊ី ដែល អាចរឹងមាំ ទ្រទ្រង់ប្រទេស ទៅថ្ងៃអនាគត បាននោះទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print