នារី​បម្រើ​ម្នាក់​ដែល​ក្តិច​ប្រដាប់​ភេទ​កូន​ប្រុស​ឧកញ៉ា​ឌួង​ ឆាយ​ បណ្តាល​ឱ្យ​ហើយ​ខុស​ប្រក្រតី​ ត្រូវ​តុលាការ​ឃុំ​ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖នារី​បម្រើ​ម្នាក់​ដែល​ក្តិច​ប្រដាប់​ភេទ​កូន​ប្រុស​ឧកញ៉ា​ឌួង​ ឆាយ​ បណ្តាល​ឱ្យ​ហើម​ខុស​ប្រក្រតី​ ត្រូវ​បាន​លោក​ ជួន​ សុរាសី​ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ នេះ​ សម្រេច​ឃុំ​ខ្លួន​​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។

នារី​រូប​នេះ​ឈ្មោះ​ អ៊ុំ​ សុផាន់ណា​ អាយុ​២៣ឆ្នាំ​ ត្រូវ​បាន​លោក​ស្រី​ ស៊ឺ​ វណ្ណនី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ពី​បទ​ ហិង្សា​ដោយ​ចេតនា​ តាម​មាត្រា​២១៧នៃ​ក្រម​ព្រហ្មទណ្ឌ​។

នាង អ៊ុំ សុផាន់ណា ត្រូវបានលោកឧកញ៉ា ឌួង ឆាយ ឃាត់ខ្លួននៅពេលថ្ងៃចូលឆ្នាំចិន ប្រគល់ឱ្យ​សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាវាយដំទៅលើកូនប្រុសតូចៗរបស់លោកពីរ​នាក់ជាច្រើនលើកច្រើនសារ និងចុងក្រោយនេះ នាងអ្នកបម្រើបានធ្វើទារុណកម្មវ៉ៃ និងក្តិចប្រដាប់ភេទ(ពងស្វាស)  លើកូនប្រុសលោកបណ្តាលឱ្យហើមខុសប្រក្រតី ។

នៅក្នុងដំណាក់កាលសមត្ថកិច្ចកំពុងចាត់ការលើសំណុំរឿងនេះ លោកឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះ​គ្លីប​វីដេអូមួយតាមអាខោនហ្វេសប៊ុកឈ្មោះ Duong Chay ឌួង ឆាយ រៀបរាប់សាច់រឿងនេះយ៉ាងលំអិតជាច្រើននាទីផងដែរ ដែលមានខ្លឹមសារខឹងស្រ្តីឈ្មោះ អ៊ុំសុផាន់ណាជាអ្នកបម្រើយ៉ាងខ្លាំង ។ ប៉ុន្តែជាមួយនឹងការខឹងនាងអ្នកបម្រើ លោកឧកញ៉ា ឌួង ឆាយ ក៏មានភាពអាណិតអាសូរដល់ឪពុកម្តាយ និងបងប្អូនរបស់នាង អ៊ុំ សុផាន់ណា ដែលបានទៅសំពះអង្វរដល់ផ្ទះ សុំការសណ្តោសប្រណីទោសឱ្យនាង ។ តែលោកនៅមានការឈឺចាប់នៅពេលឃើញកូនប្រុសលោកជាក្មេងមិនទាន់ដឹងអីសោះ និងជាក្មេងពិការសុខភាពទៀត ហើយគេទាំងពីរនាក់បានយំស្រែកនៅចំពោះមុខឪពុកម្តាយយ៉ាងដូច្នេះ សួរថាឪពុកម្តាយមានការឈឺចាប់ប៉ុណ្ណា។ ប៉ុន្តែពេលនេះលោកទុកឱ្យច្បាប់ជាអ្នកវិនិច្ឆ័យទៅចុះ ។ នៅមានពាក្យពេចន៍ជាច្រើនទៀតដែលលោកឧកញ៉ា ឌួង ឆាយ បានរៀបរាប់នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបសលោក ហើយថែមទាំងបានបង្ហាញរូបកូនប្រុសម្នាក់ ដែលអះអាងថា នាង អ៊ុំ សុផាណា វ៉ៃធ្វើបាបនោះមានបន្លឺសម្លេងដែរ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print