តេង លក្ខិណា នឹងវិលរកការសម្តែងវិញក្រោយចាកចេញពីផលិតកម្ម M

ចែករំលែក៖

ភ្នំពេញ៖ ជ្រកក្រោមដំបូលផលិតកម្មM អស់ជាង២ឆ្នាំ តេង លក្ខិណា ហាក់មិនមានសន្ទុះគាំទ្រខ្លាំងទេ ក្រោយពី សន្ទុះបទចម្រៀងថ្មីរបស់នាងមិនអាចបំប៉ើងទីផ្សារបានខ្លាំង ។ ក្រោយពីស្ងប់ស្ងាត់ការបញ្ចេញមុខជាយូ អតីតតារាសម្តែង និងពិធីការិនីរូបនេះ ក៏នឹងត្រៀមខ្លួនធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីតាមរយៈការសម្តែងភាពយន្តវិញម្តង ។
គេចាំបានថាតេង លក្ខិណា បានបញ្ចប់ការងារជាពិធីការិនី និងសម្តែងកាលពីឆ្នាំ២០១៥ បន្ទាប់ពីនាងបានវិវឌ្ឍន៍ខ្លួនមកជាតារាចម្រៀងអាជីពប្រចាំផលិតកម្ម M ស្របពេល ដែលដំណឹងភ្ជាប់ស្នេហ៍ជាមួយថៅកែផលិតកម្មនេះបានផ្ទុះឡើង ។ ទោះបីជាមានការជ្រោមជ្រែងខ្លាំងពីផលិតកម្ម ក៏សន្ទុះនៃការគាំទ្របទចម្រៀងនាងនៅមានកម្រិត ។ ដំណឹងចុងក្រោយបានទម្លាយថា ពេលនេះនាងបានចាកចេញពីផលិតកម្ម M ហើយដោយរួមទាំងដឹកដៃប្អូនប្រុស ចេញពីផលិតកម្មនេះផងដែរ ។
ប្រភពបន្តថា ការដឹកដៃប្អូនប្រុសចេញនេះ ក៏ក្រោយពេលលទ្ធផល នៃការបញ្ចេញបទចម្រៀងរបស់នាងមិនបានខ្ពស់ដូចការរំពឹងទុក ។ មានការបញ្ជាក់ដែរថា តេង លក្ខិណា ខកចិត្ត មិនតិចទេ មិនខុសគ្នានឹងគៀត សុវណ្ណឡាងដែរ ដែលបោះចោលការងារសម្តែងកំពុងហក់ឡើងហើយទៅចាប់យកអាជីពបចម្រៀង តែមិនសមដូចចិត្ត ។ យីអ៊ុន នាងហាក់មិនឡើងខ្លាំងទេ បើទោះបីជាផលិតកម្មខំប្រឹងបំបុកទីផ្សារខ្លាំង និងចេញបទចម្រៀងមួយវ៉ុលផ្តាច់មុខឲ្យនាងក្តី។ តេង លក្ខិណា បានបាត់មុខមួយរយៈពេលខ្លី ក្នុងការងារសិល្បៈ ប៉ុន្តែនាងនៅតែបង្ហាញភាពស្រស់ស្រាយរីករាយជាមួយនឹងដំណើរកម្សាន្តចេញទៅក្រៅស្រុកដែរ ។
ដំណឹងចុងក្រោយពីអ្នកជិតដិតនាងលើកឡើងដែរថា តេង លក្ខិណា គ្រោងវិលមកកាន់ការងារសម្តែងជាថ្មីក្នុងពេលឆាប់ៗនេះ ព្រោះតែមានផលិតកម្មជាច្រើននៅពេញចិត្តនឹងសមត្ថភាព រូបសម្រស់របស់នាងដែលអាចឲ្យនាងសម្តែងជាតួឯកបាន ។ ប្រភពបន្តថា ពេលនេះ លក្ខិណា កំពុងហាត់ប្រាណសម្រកទម្ងន់ខ្លះ ដើម្បីវិលរកការងារសម្តែងជាថ្មី ។ មានការលើកឡើងដែរថា ផលិតកម្មជាច្រើនកំពុងទាក់ទងនាង ព្រោះក្រោយលឺដំណឹងថា នាងបានបញ្ចប់ការងារជាស្ថាពរនៅផលិតកម្មចម្រៀងនោះ ។
នាងក៏កំពុងពិចារណាទទួលយកសំណើថតភាពយន្តថ្មីៗមួយចំនួនផងដែរ ៕ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print